នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារវឌ្ឍនភាពបច្ចេកវិទ្យាក្រោមចរន្តនៃបដិវត្តន៍ឧស្សាហកម្ម៤.០ បានជម្រុញសន្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការស្រាវជ្រាវរបស់ Hoosuite ខែកុម្ភះ ឆ្នាំ២០២២ បានបង្ហាញតួរលេខនៃការប្រើប្រាស់ឌីជីថលនៅកម្ពុជា “Digital Cambodia 2022” ក្នុងនោះអ្នកប្រើប្រាស់អ៊ីនធឺណេត មានប្រមាណ ១៣,៤៤ លាននាក់ ស្មើនឹង ៧៨,៨% ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គម មានប្រមាណ ១២,៦ លាននាក់ ស្មើនឹង ៧៣,៩%  និងអ្នកប្រើប្រាស់សេវាទូរស័ព្ទ មានប្រមាណ ២២,០៦ លាននាក់ ស្មើនឹង ១២៩,៣% នៃចំនួនប្រជាជនកម្ពុជាសរុប។

ដោយមើលឃើញនូវគុណតម្លៃនៃបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយធំៗចំនួន៣ ដើម្បីតម្រង់ទិសដល់ស្ថាប័នពាក់ព័ន្ធ (ស្ថាប័នឯកជន សាធារណៈ និងពលរដ្ឋ)   ដើម្បីធ្វើបរិយាប័ន្នដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លើកកម្ពស់ប្រសិទ្ធភាព និងសាកសិទ្ធភាពនៃសេវាសាធារណៈជូនប្រជាពលរដ្ឋ។ គោលនយោយបាយទាំងនោះរូមមាន៖

១- គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

២- គោលនយោបាយរបស់រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥

៣- គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០

លើសពីនេះដើម្បីធានាបាននូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលស្របតាមគោលនយោបាយដែលបានដាក់ចេញ រាជរដ្ឋភិបាលកម្ពុជាតាមរយៈស្ថាប័នជំនាញ ក៏បានបន្តសិក្សា រៀបចំនូវច្បាប់ និងបទដ្ឋានគតិយុត្ត ស្តីពីសន្តិសុខសាយប័រ ជាបន្តបន្ទាប់ ដើម្បីគាំទ្រការធ្វើបរិវត្តកម្ម  និងអភិបាលកិច្ចឌីជីថល នៃសសរស្តម្ភទាំង៣ (រដ្ឋាភិបាល ធុរកិច្ច និងពលរដ្ឋឌីជីថល) ប្រកបដោយនិរន្តរភាព និងចីរភាព ទាំងលើដំណើរការប្រព័ន្ធ ការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់ផងដែរ។ ការកសាងនូវយន្តការសន្តិសុខសាយប័រ ដោយផ្តោតលើ (១) ការកសាងឯកសារច្បាប់បទដ្ឋានគតិយុត្ត (២) ផ្សព្វផ្សាយ បណ្តុះបណ្តាល និងជម្រុញការអនុវត្ត (៣) ត្រួតពិនិត្យ វាយតម្លៃ និងការអនុឡោមតាម (៤) ជួសជុលនិងកែលម្អ។

ឯកសារបទដ្ឋានគាំទ្រ ដល់យន្តការសន្តិសុខសាយប័រ និងផ្តោតលើក្របខ័ណ្ឌ PPT (មនុស្ស ដំណើរការ និងបច្ចេកវិទ្យា) មានចំនួន ៥ ដូចខាងក្រោម៖

១- ការរៀបចំច្បាប់ស្តីពី សន្តិសុខសាយប័រ និងបទល្មើសបច្ចេកវិទ្យា

២- ការរៀបចំគោលនយោបាយ គាំទ្រសន្តិសុខសាយប័រ (Policies)

៣- ការរៀបចំបទដ្ឋាន គាំទ្រសន្តិសុខសាយប័រ (Standards)

៤- ការរៀបចំនីតិវិធីអនុវត្ត គាំទ្រសន្តិសុខសាយប័រ (Procedures)

៥- ការរៀបចំគោលការណ៍ណែនាំ គាំទ្រសន្តិសុខសាយប័រ (Guidelines)

#Cybersecurity #Cybercrime #EconomySociety #DigitalGovernment #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ