រាជធានីភ្នំពេញ៖ ថ្ងៃនេះថ្ងៃសែនចូលឆ្នាំប្រពៃណីចិន-វៀតណាមហើយ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត រាល់ការសែនព្រេន ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសភ្លើងធូប-ទៀន នឹងចេញពីលំនៅដ្ឋានត្រូវបិទប្រព័ន្ធអគ្គិសនីឲ្យបានត្រឹមត្រូវ ហើយកាលពីម៉ោង០៥:១០នាទីទាបភ្លឺ ថ្ងៃសែនចូលឆ្នាំចិននេះ ក៏មានអគ្គិភ័យឆាបឆេះ ដើមត្រែង និងស្មៅងាប់ៗ នៅដីឡូត៍ទុកចោលលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០១គ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ដោយមិនមានអ្នកណាត្រូវរបួសឬឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋឡើយ។

លោកវរសេនីយ៍ឯកព្រហ្មយ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈកន្លងទៅក៏បានបើកកិច្ចប្រជុំណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតនៅក្នុង ប្រតិបត្តិការចុះអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន – វៀតណាមនេះ។ លោកនាយការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ថ្លែងប្រាប់ក្រុមការងារខ្មែរណូតថា ប្រសិនបើមានគ្រោះអគ្គិភ័យបន្ទាន់ណាមួយកើតឡើងក្នុងរាជធានីភ្នំពេញ សូមផ្តល់ព័ត៌មានបន្ទាន់ មកកាន់លេខប្រចាំបញ្ជារបស់ការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញតាមរយៈលេខ 017 678 738 / 666 ។

លោកព្រហ្ម យ៉ន បានលើកឡើងទៀតថាមន្ត្រីពន្លត់អគ្គិភ័យទាំងអស់ ត្រូវសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ដែលបានចុះមកជួយ អន្តរាគមន៍ ពន្លត់អគ្គិភ័យឲ្យបានល្អ។ ទន្ទឹមនឹងនេះលោកក៏បានបញ្ជាក់ថា មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់គ្នាត្រូវតែស្លៀកពាក់ឲ្យបាន ត្រឹមត្រូវជាមន្ត្រីជំនាញពន្លត់អគ្គិភ័យ។

ជាចុងបញ្ចប់លោក ព្រហ្ម យ៉ន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនថាប្រជាពលរដ្ឋខ្មែរយើង ឬខ្មែរសែស្រឡាញចិន -វៀតណាម ឡើយគឺឲ្យផ្ដោតការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ធ្វើយ៉ាងណាកុំឲ្យការរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន ឆ្នាំនេះ ក្លាយជារឿងទុក្ខសោកដោយសារតែការធ្វេសប្រហែសក្នុងការអុជទៀន ធូប ឬមិនបានពន្លត់រងើកភ្លើងចង្ក្រានបិទចង្ក្រានហ្គាស នឹងពេលចាកចេញពីលំនៅដ្ឋានធ្វើដំណើរកម្សាន្តទៅកាន់ រមណីយដ្ឋាននានា ត្រូវចងចាំថា ត្រូវតែបិទប្រព័ន្ធអគ្គិសនីក្នុងផ្ទះឲ្យបានត្រឹមត្រូវ ទាំងបិទចង្ក្រានហ្គាស និងពន្លត់រងើកភ្លើងចង្ក្រាន អោយបានរលត់និងត្រឹមត្រូវ ជាមុនសិនផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ