(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរនៅក្នុងប្រទេសប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនជនរងគ្រោះស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ នៅឯប្រទេសប៉ាគីស្ថាន បានកើនដល់ ៨៣នាក់ និងជាង១៥០ នាក់រងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ៣១ មករា ២០២៣។

អាជ្ញាធរប៉ាគីស្ថានអះអាងថា ជនធ្វើអត្តឃាតប្រហែលជាបានឆ្លងកាត់ របាំងជាច្រើនដែលត្រួតពិនិត្យដោយកងកម្លាំងសន្តិសុខ ដើម្បីចូល ទៅបរិវេណ «តំបន់ក្រហម» ដែលមានវិហារអ៊ិស្លាម កន្លែងស្នាក់នៅ របស់ ប៉ូលិស និងការិយាល័យប្រឆាំងភេរវកម្ម នាភាគពាយ័ព្យនៃ ទីក្រុង Peshawar។  

មេប៉ូលិសនៃទីក្រុង Peshawar លោក Ijaz Khan បានថ្លែងប្រាប់ រ៉យទ័រថា ៖ «វាគឺជាការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត»។ លោកថា នៅពេលការបំផ្ទុះកើតឡើង សាលវិហារមានអ្នកចូលរួមរហូតដល់ទៅ ៤០០ នាក់ ដែលជាហេតុនាំឱ្យមានអ្នករងរបួសរហូតដល់ ១៧០ នាក់ ដែលក្នុងនោះភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ 

 ការផ្ទុះនេះបានធ្វើឱ្យជាន់ខាងលើនៃវិហារបាក់ចុះ ដែលធ្វើឱ្យអ្នក ចូលថ្វាយបង្គំក្នុងវិហាររាប់សិបនាក់ត្រូវជាប់ក្នុងគំនរបាក់បែក។ បើតាមរ៉យទ័រ ខ្សែអាត់ទូរទស្សន៍ពីកន្លែងកើតហេតុ បានបង្ហាញឱ្យ ឃើញក្រុមអ្នកជួយសង្រ្គោះបានកាត់តាមដំបូលដែលបាក់រលំដើម្បីចុះទៅក្រោម ជួលមនុស្សដែលជាប់នៅខាងក្នុង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ