ភ្ញាក់ផ្អើល! អ្នកយកព័ត៌មានម្នាក់ សង្ស័យត្រូវគេវាយ បណ្ដាលឲ្យដួលបោកក្បាលស្លាប់
ភ្នំពេញ ៖ កាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសម្នាក់ដែលជាអ្នកយកព័ត៌មានឱ្យCBN TV បានស្លាប់នៅលើដងផ្លូវ ដែលគេកំពុងសង្ស័យថា ត្រូវបានគេវាយពីក្រោយបណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់បន្ថែមស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ គូយ ពិសិដ្ឋ អាយុ២៤ឆ្នាំ មុខរបរ អ្នកសារព័ត៌មាននៅអង្គភាព CBN TV ស្នាក់នៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅភូមិទួលមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងដូចៗគ្នាថា នៅពេលកើតហេតុ ពួកគាត់បានឮសំឡេងដួលម៉ូតូប្រ៉ាវ តែភ្លាមៗនោះពួកគាត់មិនបានចេញមកក្រៅផ្ទះដើម្បីពិនិត្យមើលហេតុការណ៍នោះទេ លុះបន្តិចក្រោយមកពេលបើកទ្វារចេញមកមើល ស្រាប់តែឃើញមនុស្សម្នាក់ដេកស្លាប់បាត់ទៅហើយ ឯម៉ូតូដួលកណ្ដាលផ្លូវ។ ក្រៅពីនេះគ្មានមនុស្សណាម្នាក់នៅជាមួយសពឡើយ។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យមួយរូបបានឲ្យដឹងថា រូបគាត់បានទាក់ទងទៅម្ចាស់ផ្ទះដែលមានកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើត ហេតុឃើញថា ជនរងគ្រោះត្រូវបានគេវាយពីក្រោយបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់បន្ថែមស្លាប់ក្នុងថ្លុកឈាមយ៉ាងដូច្នេះ រីឯជនដៃដល់បានគេចខ្លួនភ្លាមៗតែម្ដង ៕