ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវរាល់បទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់ រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសារជូនពរផ្ញើជូន កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ ដ៏ធំធេងអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី បម្រើក្នុងបុព្វហេតុជាតិ និងប្រជាជន ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុត ដោយបានបង្កើតស្នាដៃ និងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងជាច្រើន ក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយ ស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការខ្ពស់ក្នុងវិជ្ជាជីវៈ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បន្ដថា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះរាជាណាចក្រកម្ពុជា មានមោទកភាពយ៉ាងក្រៃលែង ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ និងរៀបចំព្រឹត្តិការណ៍ជាតិ សំខាន់ៗ ជាបន្តបន្ទាប់ រួមមាន ព្រឹត្តិការណ៍កីឡា SEAGAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ព្រមទាំងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ក្នុងន័យនេះ ខ្ញុំក៏សូមយកឱកាសដ៏ថ្លៃថ្លានេះ អំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ចូលរួម អនុវត្តឱ្យបានជោគជ័យ នូវរាល់បទបញ្ជា វិធានការផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល»។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ព្រមទាំង បន្តជំរុញផ្សព្វផ្សាយ និងចលនាកៀរគរឱ្យមានការចូលរួមពី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការអនុវត្តគោល នយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅរួមគ្នាថែរក្សា បរិយាកាសទូទៅក្នុងសង្គមបានល្អប្រសើរ បម្រើ ដល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណ៍ជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ នៅក្នុងឆ្នាំ២០២៣នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសសប្បាយរីករាយ និងសុខសន្តិភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ