អាមេរិក ៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណា និងសម្រេចចិត្តរឹតបន្តឹងលើច្បាប់វិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនអាមេរិក រួមទាំងការវិនិយោគនៅប្រទេសចិនផងដែរ ។ អាមេរិកសង្ឃឹមថា ការរឹតបន្តឹងច្បាប់វិនិយោគនេះ នឹងអាចកំណត់សមត្ថភាពរបស់ចិនក្នុងការទិញយកបច្ចេកវិទ្យា ដែលអាចបង្កើនសមត្ថភាពកងទ័ពចិន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី០៨ មីនា ២០២៣។

លោកប្រធានាធិបតី ចូ បៃដិន នឹងប្រកាសពីការរឹតបន្តឹងលើច្បាប់វិនិយោគនេះ ក្នុងគោលបំណងកំណត់ការវិនិយោគរបស់ជនជាតិអាមេរិកក្នុងផ្នែកបច្ចេកវិទ្យាទំនើប ដែលអាចយកទៅប្រើប្រាស់លើផ្នែកសន្តិសុខជាតិ ដូចជា បច្ចេកវិទ្យាបង្កើនសមត្ថភាពកងទ័ពជំនាន់ក្រោយ ដែលវាជួយឱ្យប្រទេសចិនអាចបង្កើនសមត្ថភាពផ្នែកកងទ័ពផងដែរ ។

ការរឹតបន្តឹងច្បាប់វិនិយោគនៅក្រៅប្រទេសលើក្រុមហ៊ុនអាមេរិកនេះ គឺជាការព្យាយាមចុងក្រោយរបស់អាមេរិកដោយសំដៅទៅលើផ្នែកកងទ័ព និងបច្ចេកវិទ្យារបស់ចិន ស្របពេលសម្ព័ន្ធភាពរវាងប្រទេសមហាអំណាចទាំងពីរដែលមានសេដ្ឋកិដ្ចធំបំផុតនៅលើពិភពលោក ត្រូវបានរំខានដោយសារបញ្ហាផ្សេងៗ ហើយសម្ព័ន្ធភាពអាមេរិក និងចិនកំពុងតែតានតឹងថែមទៀត ។ ចុងក្រោយ គឺបញ្ហាអាមេរិកបានបាញ់បាឡុងរបស់ចិនធ្លាក់ ដោយអាមេរិកលើកឡើងថា ចិនបានបង្ហោះបាឡុងស៊ើបការណ៍មកលើដែនអាកាសរបស់ខ្លួន ហើយព្យាយាមចោទប្រកាន់ចិនថា ត្រៀមបញ្ជូនអាវុធទៅជួយរុស្ស៊ី ។

ក្រៅពីនេះ ការប្រកាសរឹតបន្តឹងលើក្រុមហ៊ុនវិនិយោគ គឺជាការខិតខំប្រឹងប្រែងមួយរបស់អាមេរិក ខណៈកាលពីខែតុលា ឆ្នាំ២០២២ កន្លងមក អាមេរិកបានចេញវិធានការគ្រប់គ្រងលើការនាំចេញដើម្បីកំណត់សមត្ថភាពរបស់ចិនពាក់ព័ន្ធនឹងការផលិតបន្ទះឈីបកម្រិតខ្ពស់ ដែលចិនអាចយកទៅបង្កើតអាវុធ ក៏ដូចជាបង្កើនសមត្ថភាពកងទ័ពផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ