អន្តរជាតិ៖ ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌា ដែលជាអ្នកនាំចូលប្រេងឆៅធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក បានកើនឡើងដល់កំណត់ត្រា ១.៦២លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tass នៅថ្ងៃទី០៧ មីនា ២០២៣។

តួលេខនេះបានបង្ហាញថា រុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតរបស់ឥណ្ឌាក្នុងរយៈពេល៥ខែជាប់គ្នា។ យោងតាមរបាយការណ៍នេះ ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ឥណ្ឌា បានកើនឡើង ២៨ភាគរយពីមួយខែទៅមួយខែ ហើយលើសពីការចែកចាយរួមគ្នាមកពីប្រទេសអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយ។ 

ឥឡូវនេះ រុស្ស៊ីបានផ្គត់ផ្គង់ ៣៥ភាគរយនៃការនាំចូលប្រេងទាំងអស់របស់ឥណ្ឌា ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំណែករបស់ខ្លួនតិចជាង ១ភាគរយនៃទីផ្សារថាមពលរបស់ឥណ្ឌាក្នុងឆ្នាំ២០២១។ 

យ៉ាងណាមិញ ឥណ្ឌាបានចាប់ផ្តើមជំរុញការទិញប្រេងឆៅពីរុស្ស៊ីភ្លាមៗ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសសរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ