ប្រទេសចំនួន៤០ ធ្វើពហិការមិនចូលរួមកីឡាអូឡាំពិកឆ្នាំ២០២៤
ប៉ូឡូញ ៖ រដ្ឋមន្ត្រីក្រសួងកីឡាប៉ូឡូញបង្ហាញថា អាចមានប្រទេសចំនួន៤០ ធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីប្រឆាំងនឹងផែនការរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee (IOC) ដែលអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Nation World News នៅថ្ងៃទី០៦ កុម្ភៈ ២០២៣។
រដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍ប៉ូឡូញ លោក Kamil Bortnissuk បានផ្តល់សម្ភាសន៍កាលពីថ្ងៃទី២ ខែកុម្ភៈថា លោកជឿថា ប្រទេសទាំង៤០ អាចបង្កើតសម្ព័ន្ធភាពរួមគ្នាជាមួយអង់គ្លេស អាមេរិក និងកាណាដា ដើម្បីសម្តែងការប្រឆាំងនឹងផែនការរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស មុនពេលគណៈកម្មាធិការនេះនឹងប្រជុំនៅថ្ងៃទី១០ ខែកុម្ភៈ ។
កាលពីសប្តាហ៍មុន IOC បង្ហាញថា កំពុងរកវិធីអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួតកីឡាអូឡាំពិកនៅក្រុងប៉ារីសក្នុងនាមអព្យាក្រឹត ហើយមិនគួរមានកីឡាករណាម្នាក់ត្រូវហាមចូលរួមប្រកួត ដោយគ្រាន់តែពួកគេជាជនជាតិរុស្ស៊ី និងបេឡារុសទេ ។
ជាមួយគ្នានេះ អាមេរិកក៏បានគាំទ្រឱ្យអង្គការកីឡាអន្តរជាតិព្យួរសមាជិកភាពស្ថាប័នកីឡារបស់រុស្ស៊ី និងបេឡារុស ហើយបញ្ចុះបញ្ចូលឱ្យអង្គការនានាបញ្ឈប់ការផ្សាយព្រឹត្តិការណ៍កីឡាផ្សេងៗរបស់ប្រទេសទាំងពីរ ៕