ភ្នំពេញ ៖ សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) សូមជម្រាបជូនសាធារណៈជនអោយបានជ្រាបថា ស.ឧ.ក ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន៣២រូប ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។
យោងតាមសេចក្ដីប្រកាសរបស់ ស.ឧ.ក ឱ្យដឹងថា ស.ឧ.ក មានគណៈកម្មការជំនាញចំនួន៤ ក្នុងនោះ រួមមាន៖
១. គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌
២. គណៈកម្មការកិច្ចការច្បាប់
៣. គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ
៤. គណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។
សមាជិករបស់ ស.ឧ.ក មាន ៣ប្រភេទ គឺ៖
១. សមាជិកស្ថាបនិក
២. សមាជិកសកម្ម
៣. សមាជិកទ្រទ្រង់
អ្នកទទួលបានគោរមងារឧកញ៉ា ឫអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ ដែលប្រោសប្រទានដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក បានដោយបំពេញនូវលក្ខខណ្ឌដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ឧ.ក។
ទស្សនៈវិស័យរបស់ ស.ឧ.ក គឺរក្សានិងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចំបងៗរបស់ ស.ឧ.ក. រួមមាន៖
១. តំណាងអោយសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។
២. រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣. លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។
៤. បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីលើនេះ តាមរយៈលិខិតលេខ៣៤៩ សជណ និងលិខិតលេខ៣៥០ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស.ឧ.ក បានទទួលការគាំទ្របន្ថែមទៀតពីរាជរដ្ឋាភិបាល ដូចខាងក្រោម៖
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមតាមការគោរពអញ្ជើញរបស់ អ្នកឧកញ៉ា ប្រធានសមាគម
- ទទួលស្គាល់ ស.ឧ.ក ជាស្ថាប័នឯកជនតែមួយគត់ដែលតំណាងអោយអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
- ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់ ស.ឧ.ក ជាដៃគូររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកំពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា
- អនុញ្ញាតអោយចូលរួមជាមួយ សម្តេចតេជោ ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេសដែលជំរុញលើកកំពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា។