នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធីសារអេឡិចត្រូនិកតេឡេក្រាម (Telegram) កំពុងទទួលបានការនិយមប្រើប្រាស់ជាទូទៅដោយពលរដ្ឋកម្ពុជា ហើយទន្ទឹមគ្នានេះ មានការជ្រៀតចូល ឬលួចយកគណនីតេឡេក្រាមជាច្រើនករណីដោយជនអាណាមិក និងប្រើប្រាស់គណនីទាំងនោះប្រព្រឹត្តិសកម្មភាពល្មើស។  

តើត្រូវធ្វើដូចម្តេចនៅពេលដែលគណនីតេឡេក្រាមរបស់អ្នកត្រូវបានជនអាណាមិកលួចយក?

ជាទូទៅបន្ទាប់ពីជនអាណាមិកលួចយកគណនីជនរងគ្រោះ ពួកគេនឹងធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និងដាក់លេខកូដ 2FA ដើម្បីកាន់កាប់ពេញលេញ ចំណែកជនរងគ្រោះពុំអាចធ្វើការលុប Session ឬកែប្រែ Settings ដើម្បីទាញយកសិទ្ធិកាន់កាប់ត្រឡប់មកវិញបានឡើយ។ ដើម្បីទាញយកគណនីមកវិញ ជនរងគ្រោះអាចសាកល្បងរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម តាមរៀបដូចខាងក្រោម៖

១- បើកកម្មវិធី Browser និងចូលទៅកាន់គេហទំព័រដែលមានតំណភ្ជាប់ “https://telegram.org/support”

២- ក្នុងប្រអប់ “Please describe your problem” វាយបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖

- ប្រាប់ពីហេតុផលនៃការរាយការណ៍ (ឧទាហរណ៍៖ “My account has been hacked”)

- បញ្ជាក់ពីអាសយដ្ឋានអ៊ីម៉ែល ឬលេខទូរស័ព្ទនៃគណនីដែលត្រូវបានគេលួចយក (ឧទាហរណ៍៖ “Email: អាសយដ្ឋានអ៊ីម៉ែល” ឬ “Phone number: លេខទូរស័ព្ទ”)

- បញ្ជាក់ពីទីតាំងប្រើប្រាស់ចុងក្រោយ (ឧទាហរណ៍៖ “Last location: ទីតាំង”)

៣- ក្នុងប្រអប់ “Your email” វាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក (ករណីពុំធ្លាប់បានភ្ជាប់ អ្នកអាចបញ្ចូលអ៊ីម៉ែលដែលអ្នកកំពុងប្រើប្រាស់) 

៤- ក្នុងប្រអប់ “Your phone number” វាយបញ្ចូលលេខទូរស័ព្ទដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក 

៥- ចុលលើពាក្យ “Submit” ដើម្បីផ្ញើសេចក្តីរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម និងឆែកប្រអប់សារអ៊ីម៉ែលរបស់អ្នកដើម្បីទទួលព័ត៌មានផ្សេងៗពីក្រុមហ៊ុនតេឡេក្រាម។

លើពីនេះក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាសូមធ្វើការក្រើនរំលឹកអំពីវិធីសាស្ត្រមូលដ្ឋាន ចំនួន០៣ ក្នុងការបង្កើនសុវត្ថិភាពគណនីតេឡេក្រាម ដូចខាងក្រោម៖

១- ដាក់លេខសម្ងាត់ (2FA) ការពារគណនី ដោយចូល “Settings” -> “Privacy and Security” -> “Two-Step Verification” -> បើកដំណើរការ និងវាយបញ្ចូលលេខសម្ងាត់

២- ដាក់លេខកូដ (Passcode & Face ID) ដើម្បីចាក់សោរកម្មវិធី ដោយចូល “Settings” -> “Privacy and Security” -> “Passcode & Face ID” -> បើកដំណើរការ និងវាយបញ្ចូលលេខកូដ

៣- ចូលទៅកាន់កំណត់ត្រាឧបករណ៍ ដែលធ្លាប់ប្រើប្រាស់គណនីតេឡេក្រាមរបស់អ្នក ដោយចូលទៅកាន់ “Settings” -> “Devices” -> ធ្វើការលុប (Terminate Session) ឧបករណ៍ដែលពុំមែនជារបស់អ្នក ឬអ្នកឈប់ប្រើប្រាស់។

#Telegram #RecoverAccount #AccountSecurity #Report #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ