ប្រធានាធិបតីរុស្ស៊ី ជំរុញឱ្យមានវិធានការសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ទណ្ឌកម្មលោកខាងលិច
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទាមទារដាក់ចេញនូវវិធានការសេដ្ឋកិច្ចបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃ០៧ តុលា ២០២២។
លោក ពូទីន បានថ្លែងនៅឯកិច្ចប្រជុំរដ្ឋាភិបាលស្តីពីបញ្ហាសេដ្ឋកិច្ច តាមរយៈតំណភ្ជាប់វីដេអូយ៉ាងដូច្នេះថា វាមានសារៈសំខាន់ណាស់ ក្នុងការយល់ឃើញថា សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ីនឹងកើនឡើង។ លោកថា ក្នុងន័យនេះ ចាំបាច់ត្រូវរៀបចំផែនការសកម្មភាពប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាព សម្រាប់ទាំងរយៈពេលខ្លី និងមធ្យម ក៏ដូចជាអនុវត្តឱ្យជាប់លាប់។
ជាមួយគ្នានេះ លោក ពូទីន ក៏បានស្នើរដ្ឋាភិបាល និងធនាគារកណ្តាល ធានាឱ្យមានការងើបឡើងវិញប្រកបដោយនិរន្តរភាព នៃសូចនាករម៉ាក្រូសេដ្ឋកិច្ច។ មេដឹកនាំរុស្ស៊ីរូបនេះ បានកត់សម្គាល់ទៀតថា វិស័យដែលផ្តោតលើការនាំចេញនៅតែស្ថិតក្រោមសម្ពាធជាចម្បង ជាពិសេសបណ្តាប្រទេសអឺរ៉ុប ហើយវាត្រូវការពេលវេលាសម្រាប់អ្នកនាំចេញរបស់រុស្ស៊ី ដើម្បីផ្លាស់ប្តូរទិសដៅទៅកាន់ទីផ្សារប្រទេសផ្សេងទៀត។
ទន្ទឹមនឹងនេះដែរ លោក ពូទីន បានចង្អុលបង្ហាញពីនិន្នាការវិជ្ជមានមួយចំនួន ដោយសារតែផលិតកម្មឧស្សាហកម្មបានត្រឡប់ទៅរកកម្រិតដូចកាលពីឆ្នាំមុន។ លោកថា ឧស្សាហកម្មដែលរងគ្រោះខ្លាំងបំផុត ដូចជាឧស្សាហកម្មរថយន្ត ខណៈដែលលោហៈធាតុកំពុងងើបឡើងវិញជាបណ្តើរៗ ហើយវិស័យកសិកម្មក៏បង្ហាញពីសក្ដានុពលល្អផងដែរ៕