ក្រុមហ៊ុន beIN Media របស់ប្រទេសកាតាបន្តកិច្ចព្រមព្រៀងសិទ្ធិផ្សាយរបស់ UEFA
កាតា៖ ក្រុមហ៊ុន beIN Media Group របស់ប្រទេសកាតាបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាខ្លួនបានធ្វើកិច្ចព្រមព្រៀងបន្តរយៈពេល ៣ ឆ្នាំ ដែលនឹងឃើញបណ្តាញកីឡាដ៏ល្បីល្បាញរបស់ខ្លួនគឺ beIN Sports រក្សាសិទ្ធិផ្សាយផ្តាច់មុខសម្រាប់ការប្រកួតកីឡាបាល់ទាត់លំដាប់កំពូលរបស់ UEFA ទូទាំងមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង៕ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
កិច្ចព្រមព្រៀងនេះរួមមានសិទ្ធិចាក់ផ្សាយដល់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបចំនួន ៣ គឺ UEFA Champions League, UEFA Europa League និង UEFA Europa Conference League ក៏ដូចជាសិទ្ធិថ្មីសម្រាប់ការប្រកួតកីឡាបាល់ទាត់នារីលំដាប់ខ្ពស់របស់ UEFA គឺUEFA Women's Champions ។
លោក Guy-Laurent Epstein នាយកផ្នែកទីផ្សាររបស់ UEFA បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ នេះគឺជាកិច្ចព្រមព្រៀងសិទ្ធិដ៏សំខាន់មួយទៀតសម្រាប់ UEFA ដែលធានាបាននូវមូលនិធិសំខាន់សម្រាប់វិស័យបាល់ទាត់អឺរ៉ុប” ។
លោកបានបន្ថែមថាយើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូដែលអាចទុកចិត្តបានរបស់យើងជាមួយ beIN Media Group ដែលបណ្តាញកីឡានៅ MENA ស្ថិតនៅលំដាប់ទី ២ លើពិភពលោក លើគុណភាព និងការបង្កើតកម្មវិធីផ្សាយ។ ដោយឡែក លោកក៏មានសេចក្តីសោមនស្សរីករាយផងដែរសម្រាប់ការផ្សាយពានរង្វាន់ UEFA Women’s Champions League ។
យ៉ាងណាមិញក្រោមកិច្ចព្រមព្រៀងនេះ beIN នឹងធ្វើការផ្សាយផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់ UEFA ជាភាសាអារ៉ាប់ អង់គ្លេស និងបារាំង នៅទូទាំង ២៤ ប្រទេសនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានពង្រីកភាពជាដៃគូរយៈពេល ១២ ឆ្នាំរបស់ UEFA។ មិនតែប៉ុណ្ណោះ beIN គឺជាទូរទស្សន៍ផ្សាយផ្តាច់មុខនៃការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិរបស់UEFA រួមមាន Euro ២០២០ Euro ២០២៤ និងវគ្គជម្រុះអ៊ឺរ៉ុបទាំងអស់សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០២២ ។ RT