មេប៉ូលិសកូរ៉េខាងត្បូង ចេញមុខទទួលស្គាល់កំហុស ពាក់ព័ន្ធហេតុការណ៍ រត់ជាន់គ្នា
សេអ៊ូល៖ មេប៉ូលិសកូរ៉េខាងត្បូង បាននិយាយថា ការគ្រប់គ្រងហ្វូងមនុស្សក្នុងអំឡុងពេលរត់ជាន់គ្នានៅតំបន់ Itaewon គឺ “មិនគ្រប់គ្រាន់ឡើយ”។ នេះគឺជាការទទួលស្គាល់កំហុសលើកដំបូងពីក្រុមមន្ត្រីដែលថា ពួកគេធ្វើមិនបានល្អ ដើម្បីទប់ស្កាត់ហេតុការណ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី០១ វិច្ឆិកា ២០២២។
ចំពេលមានការអំពាវនាវកាន់តែខ្លាំង ឲ្យមានទំនួលខុសត្រូវ លោក Yoon Hee-keun បាននិយាយថា ការឆ្លើយតបរបស់ប៉ូលិសគឺ “ពិតជាគួរឲ្យខកចិត្ត”។ ស្របពេលជាមួយគ្នានោះដែរ លោកប្តេជ្ញាថា នឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់។
លោក Yoon អះអាងថា ប៉ូលិស បានទទួលការហៅទូរស័ព្ទជាច្រើនលើក មុនពេលឧបទ្ទវហេតុកើតឡើង។ ប្រជាពលរដ្ឋបានជូនដំណឹង អំពីស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែការឆ្លើយតបរបស់ប៉ូលិសគឺខ្វះខាត។
ប៉ូលិសក្រុងសេអ៊ូលនិយាយថា ការហៅទូរស័ព្ទជាលើកដំបូងទៅកាន់លេខសង្គ្រោះបន្ទាន់របស់ប្រទេសកូរ៉េខាងត្បូង គឺនៅម៉ោង១៨:៣៤ (ម៉ោងក្នុងស្រុក) ហើយមានការហៅទូរស័ព្ទចំនួន ១០ដងទៀតក្នុងរយៈពេល ៣ម៉ោងកន្លះក្រោយ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុដ៏សាហាវនេះ បានសម្លាប់មនុស្សចំនួន ១៥៥ នាក់ និង ១៥២នាក់ផ្សេងទៀតរងរបួស។ វាបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ទី២៩ខែតុលា ខណៈមនុស្សប្រមូលផ្តុំគ្នានៅផ្លូវមួយក្នុងតំបន់ Itaewon ដែលជាកន្លែងកម្សាន្តពេលរាត្រីដ៏ពេញនិយមក្នុងទីក្រុងសេអ៊ូល ដើម្បីប្រារព្ធពិធីបុណ្យ Halloween៕