គ្រួសារជនរងគ្រោះដោយការសម្លាប់រង្គាលមានសិទ្ធិទទួលបានសំណង រហូតដល់ ១១ម៉ឺនបាត ឬ ជិត៣,០០០ដុល្លារអាមេរិក ក្នុងមួយគ្រួសារ
បាងកក៖ ក្រសួងយុត្តិធម៌ថៃនឹងផ្តល់សំណងរហូតដល់ ១១ម៉ឺនបាត ឬ ជិត៣,០០០ដុល្លារអាមេរិក សម្រាប់ដល់គ្រួសារជនរងគ្រោះ នីមួយៗនៃអ្នកស្លាប់៣៨នាក់ អំឡុងការសម្លាប់រង្គាល កាលពីថ្ងៃព្រហស្បតិ៍នៅខេត្ត ណងប៊ូ ឡាំភូ (Nong Bua Lamphu)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Nation នៅថ្ងៃ០៧ តុលា ២០២២។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យមន្ត្រីមកពីការិយាល័យយុត្តិធម៌ខេត្តឦសាន ចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ។ លោក Somsak បាននិយាយថា នៅក្រោមច្បាប់សំណងជនរងគ្រោះដោយឧក្រិដ្ឋកម្ម គ្រួសារនៃអ្នកស្លាប់នៅក្នុងការសម្លាប់រង្គាលមានសិទ្ធិទទួលបានសំណងរហូតដល់ ១១ម៉ឺនបាត ក្នុងម្នាក់ៗ។
យ៉ាងណាមិញ ចំនួនទឹកប្រាក់នេះរួមមាន សម្រាប់មរណភាព, សម្រាប់ពិធីបុណ្យសព និង សម្រាប់ការបាត់បង់ប្រាក់ចំណូលគ្រួសារ។អ្នករងរបួសក្នុងការវាយប្រហារមានសិទ្ធិទទួលបានសំណងអតិបរមា ៤ម៉ឺន បាតសម្រាប់ការព្យាបាលវេជ្ជសាស្រ្ត និងរហូតដល់ ២ម៉ឺន បាតសម្រាប់ថ្លៃស្តារផ្លូវចិត្ត និងរាងកាយ។