នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកក្រុមការងារយើងខ្ញុំធ្លាប់បានចុះផ្សាយអត្ថបទស្តីពី "ល្បិចឆបោកប្រាក់ពីគណនីទូរស័ព្ទ Callback ឬ One-Ring Scam" ពីសំណាក់ឧក្រិដ្ឋជនក្រៅប្រទេស។ Callback ឬ One-Ring Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយប្រើប្រាស់សេវាដែលមានឈ្មោះថា International Premium Rate Number (IPRN)។ ក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ឬគេហទំព័រអនឡាញ រៀបចំបច្ចេកទេសផ្សេងៗ តួរយ៉ាងប្រើប្រាស់លេខទូរស័ព្ទ IPRN ធ្វើការខលចេញទៅកាន់គោលដៅនានាជុំវិញពិភពលោក (Missed Call) ដើម្បីឲ្យគោលដៅទាំងនោះខលមកវិញ ជាមួយការកាត់ទឹកប្រាក់ដ៏ច្រើនខុសធម្មតា។
ថ្ងៃនេះក្រុមការងារសូមលើកយកល្បិចឆបោកដោយប្រើប្រាស់បច្ចេកទេសស្រដៀងគ្នានេះ ដែលកំពុងកើតមាន និងប្រព្រឹត្តដោយឧក្រិដ្ឋជនក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តង។ ឧក្រិដ្ឋជនទាំងនោះនិយាយភាសាខ្មែរ និងប្រើប្រាស់បច្ចេកទេសឆបោក ដូចខាងក្រោម៖
- ធ្វើការខលទូរស័ព្ទទៅកាន់ជនរងគ្រោះថាឈ្នះរង្វាន់ ពីធនាគារក្នុងស្រុកមួយ នូវចំនួនទឹកប្រាក់ផ្សេងៗ (ឧទាហរណ៍ ឈ្នះប្រាក់រង្វាន់ ១ម៉ឺនដុល្លារអាមេរិក)
- ឧក្រិដ្ឋជនណែនាំជនរងគ្រោះដាក់ប្រាក់ក្នុងគណនីទូរស័ព្ទ (Top Up) នូវចំនួនទឹកប្រាក់ចាប់ពី ១០ដុល្លារអាមេរិក ហើយតម្រូវជនរងគ្រោះធ្វើការខលទូរស័ព្ទទៅកាន់នាយកប្រតិបត្តិធនាគារ ដើម្បីសន្ទនា និងពិភាក្សាអំពីកម្មវិធីរង្វាន់នេះ
- ឧក្រិដ្ឋជនបានផ្តល់លេខទូរស័ព្ទក្នុងស្រុក (ពេលខ្លះផ្តល់លេខ IPRN ក្រៅប្រទេសតែម្តង) ដើម្បីឲ្យជនរងគ្រោះខលសន្ទនា តែការពិតលេខទូរស័ព្ទនេះបានប្រើប្រាស់កម្មវិធី Call Fowarding ដើម្បីបញ្ជូនការខលចូលពីលេខទូរស័ព្ទជនរងគ្រោះ ទៅកាន់លេខ IPRN ក្រៅប្រទេស ជាមួយការកាត់ទឹកប្រាក់ដ៏ច្រើនតែម្តង។
ជាថ្មីម្តងទៀត ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាពិចារណាអំពីសុក្រឹតភាព នៃការឈ្នះរង្វាន់ផ្សេងៗ និងព្យាយាមស្វែងរកព័ត៌មាន ឬការប្រឹក្សាមុនពេលធ្វើតាមការណែនាំផ្សេងៗ ជាពិសេសការចំណាយប្រាក់មុនពេលទទួលរង្វាន់។