យោងតាមរបាយការណ៍ដែលអធិការដ្ថាននគរបាលស្រុកសំរោងទងគោរពផ្ញើជូនលោកស្នងការនគរបាលខេត្តកំពង់ស្ពឺចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២០បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង៩ និង០០ នាទីលោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាកឡុកធ្វើសកម្មភាពឈរបាញ់បោះយ៉ាងសេរីនិងអនាធិបតេយ្យបំផុតចំនួន 3 គ្រាប់គឺនៅចំណុចបរិវេណសាលាស្រុកមាត់ស្រះទឹកខាងត្បូង។

ក្នុងរបាយការណ៍បន្តថាលុះមកដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ ដដែលវេលាម៉ោង១៨ និង៣០ នាទីលោកវរសេនីយ៍ទោ កង ភារីអធិការរងដ៏ទំនើងរូបនេះបាននាំកូនចៅក្រោមឱវាទផឹកស៊ីរហូតស្រវឹងនិយាយអួតក្អេងក្អាងហើយបានយកអាវុធខ្លីម៉ាកឡុកដដែលជាកម្មសិទ្ធិរបស់ខ្លួនមកឈរបាញ់បោះលេងយ៉ាងសេរីនៅក្នុងបរវេនសាលាស្រុកចំណុចមាត់ស្រះទឹកដដែលក្នុងនោះកូនចៅរបស់ខ្លួនជាច្រើនដែលផឹកស៊ីក៏បានចូលរួមក្នុងការបាញ់បោះនេះដែរ។អ្នកដែលចូលរួមបាញ់បោះជាមួយអធិការរង ដ៏ទំនើងរូបនេះរួមមានលោកអនុសេនីយ៍ឯកដនសុខុមឋានៈនាយរងផ្នែកសន្តិសុខបាញ់ចំនួន២គ្រាប់លោកអនុសេនីយ៍ត្រីព្រីងឡងឌីឋានៈនាយរងប៉ុស្តិ៍វល្លិ៍សបាញ់ចំនួន២ គ្រាប់លោកអនុសេនីយ៍ត្រីតាន់សៅលីឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន ២គ្រាប់លោកអនុសេនីយ៍ត្រីម៉ាន់ប៊ុណ្ណារ៉ា ឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន០២គ្រាប់លោកព្រិន្ទបាលទោឌី សូភក្តិ ឋានៈមន្ត្រីប៉ុស្តិ៍ទំព័រមាសបាញ់ចំនួន០២ គ្រាប់ផងដែរ។ការបាញ់បោះបង្កភាពអនាធិបតេយ្យបង្កើតឲ្យមានអសន្តិសុខនៅក្នុងសង្គមរបស់ក្រុមមន្ត្រីនគរបាលនិងលោកសក្កិ៤កន្លះឈ្មោះ កង ភារីហៅម៉ៅ រូបនេះសមត្ថកិច្ចជំនាញបានរកឃើញសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន១១ គ្រាប់លោកអធិការងដ៏ទំនើងរូបនេះត្រូវបានសមត្ថកិច្ចកម្លាំងការិយាល័យអន្តរាគមន៍ឃាត់ខ្លួននៅវេលាម៉ោង២២និង៣០នាទីថ្ងៃដដែល។លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា លោកបានរាយការណ៍ទៅថ្នាក់លើដើម្បីអោយដាក់តាមវិន័យរបស់កងកម្លាំងអគ្គស្នងការនគរបាលជាតិលេខ០០៦ អោយសមទោសកំហុសដែលមន្ត្រីនគរបាលយុត្តិធម៌បានប្រព្រឹត្ត។លោកស្នងការនគរបាលខេត្តបន្តថាលោក វរសេនីយ៍ទោ កង ភារី បានចំនួន០២លើក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បាញ់ចំនួន០៣គ្រាប់ ហើយនៅយប់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២០ បាញ់ចំនួន១៧គ្រាប់បន្ថែមទៀត។

ហើយរហូតមកដល់ពេលនេះជំនាញប្រមូលបានជាង១០គ្រាប់តែប៉ុណ្ណោះ កំពុងតែរុករកបន្ថែមទៀត។ពេលនេះកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកំពុងតែធ្វើការសាកសួរលោកអធិការរងដ៏ទំនើងរូបនេះរកមូលហេតុដើមចមនៃការបង្កភាពអនាធិបតេយ្យនិងបង្កបញ្ហាអសន្តិសុខដល់សង្គមឋានៈដែលខ្លួនជាសមត្ថកិច្ចជាគំរូដល់ប្រជាពលរដ្ឋនិងជាអ្នកការពារសន្តិសុខសុវត្ថិភាពតែបែរជាប្រព្រឹត្តិទង្វើបែបនេះទៅវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ