រដ្ឋមន្រ្តីកសិកម្មជម្រុញឲ្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តតាកែវប្រមូលទិញស្រូវឲ្យអស់ពីលទ្ធភាព
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានរួមដំណើរជាមួយដោយលោកអ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ លោកងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរពិសោធន៍) ក្នុងរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ នេះបើយោងទៅតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមលោក ថៃ វីឡុង អ្នកគ្រប់គ្រងទូទៅរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូលទិញស្រូវគ្រប់ប្រភេទបានចំនួន ៩៦,៣៨៦តោន និងឆ្នាំ២០២០ នេះបាន ៦៥,៣៧៥ តោន។ ដោយឡែក ក្នុងឆ្នាំ២០១៩ នាំចេញបាន ៤០,១៧៥តោន និង៣ខែដើមឆ្នាំ២០២០ នាំចេញបាន ២៤,៤២៨តោន ហើយភាគច្រើននាំចេញទៅកាន់ប្រទេសចិន។ លោកបន្ថែមថា បច្ចុប្បន្នរោងកិនស្រូវរបស់លោក មានឡសម្ងួតចំនួន ៣អាចសម្ងួតស្រូវបាន ៥៥០តោនក្នុង ១ថ្ងៃ និងមានស្រូវស្តុកទុកចំនួន ៧ពាន់តោន រង់ចាំកិន និងនាំចេញតាមការបញ្ជាទិញ ពីខាងក្រៅ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏នៅជួបមានជួបបញ្ហាប្រឈមនឹងការប្រគួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទងទៅនឹងតម្លៃភ្លើង និងការដឹកជញ្ជូន ដែលនៅមានតម្លៃខ្ពស់នៅឡើយ។
យ៉ាងណាមិញបន្ទាប់ពីបានជ្រាបរបាយការណ៍ លោករដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹម និងជឿជាក់លើរោងម៉ាស៊ីនថានឹងបន្តចូលរួមសហការឲ្យបានល្អដើម្បីជួយជំរុញការនាំចេញអង្ករឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក និងជាពិសេសចូលរួមសហការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលហាមនាំចេញអង្ករស បានពេញលេញ។ មួយវិញទៀត រោងម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវត្រូវជួយទិញប្រមូលស្រូវពីប្រជាកសិករយកមកស្តុកទុកឱ្យអស់លទ្ធភាពដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់ពួកគាត់ និងជួយធានានូវបរិមាណស្តុកស្រូវ ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់រយ:ពេលវែង។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងមកកម្ពុជាទទួលបានទិន្នផលស្រូវប្រមាណជាង ១,០៨៨ លានតោន ក្នុងនោះស្រូវវស្សាទទួលបានបរិមាណផលសរុបចំនួន ៨,២៦៩,៣៣៣តោន និងស្រូវប្រាំងចំនួន ២,៦១៦,២៤១តោន។ ដោយឡែកក្នុងខេត្តតាកែវ មានបរិមាណស្រូវសរុបទាំងវស្សា និងប្រាំងមានចំនួន ១,២០៨,៦៤០តោន ហើយមកទល់ពេលនេះនៅសល់ផ្ទៃដីស្រែប្រាំងចំនួន ៤ពាន់ហិចតាទៀតមិនទាន់បានប្រមូលផល គិតជាបរិមាណស្រូវប្រមាណ ១៦ពាន់តោនទៀត៕SP