ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកងកម្លាំងនគរបាល នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តបាត់ដំបង ត្រូវបន្តសហការ ជាមួយអាជ្ញាធរខេត្ត រួមទាំងកម្លាំងពាក់ព័ន្ធ ត្រៀមទប់ស្កាត់ជានិច្ច នូវជនមានឧបាយកលអាក្រក់ ចូលមកបង្កភាពចលាចល ឬអសន្តិសុខក្នុងប្រទេស ។ នេះបើយោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានកោតសរសើរ ដល់គណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត ដែលបានអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព បានល្អប្រសើរ សំដៅចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល ធ្វើអោយបទល្មើស មានការថយចុះ រីឯការបង្ក្រាបមានលទ្ធផលខ្ពស់ជាង៩០%។

អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរស្នងការចាស់ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលមានការសហការល្អ បង្កលក្ខណៈងាយស្រួលទៅវិញទៅមក ជាមួយសមត្ថកិច្ចនៅជាប់ព្រំដែន ធ្វើអោយស្ថានភាព នៅតាមព្រំដែនមានសន្តិភាព ស្ថេរភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ និងស្នើអោយស្នងការថ្មីយកគំរូ តាមស្នងការចាស់ ហើយលទ្ធផលទាំងនេះ ក៏បានមកពីមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខេត្តផងដែរ ដើម្បីជាផលប្រយោជន៍ របស់ប្រទេសទាំងពីរ។ 

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានរំលឹក និងស្នើដល់ គណៈបញ្ជាការឯកភាពខេត្តចំនួន២ ចំនុចសំខាន់ ក្នុងការព្យាករណ៍ដើម្បីបន្ត អនុវត្តន៍ក្នុងមូលដ្ឋាន ខេត្តបាត់ដំបង ទី១-ពួកឧទ្ទាមអមិត្ត មិនដែលបោះបង់គោលបំណង បំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំអោយមានបាតុកម្ម ជាពិសេសគឺមិនអនុញ្ញាត អោយជនទាំងនោះមកបំផ្លាញ សេចក្តីសុខប្រជាពលរដ្ឋនោះឡើយ។

នាយឧត្តមសេនីយ៍ នេត សាវឿនបានបញ្ជាទៅកាន់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសានក្នុងនាមជាស្នងការថ្មី ត្រូវជួយដោះស្រាយទុកកង្វល់ របស់ប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ គឺករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្ត នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពអោមានប្រសិទ្ធភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ជាពិសេសខេត្ត នៅជាប់ព្រំដែនផងនោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ