ប្រយ័ត្នបែកធ្លាយរូបភាព ឬវីដេអូរបស់អ្នកប្រសិនឲ្យអ្នកដទៃបង្កេីតគណនីអ៊ីនធឺណេតឲ្យ!
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា កន្លងមកក្រុមការងារសង្កេតឃើញមានករណីជាច្រើនពាក់ព័ន្ធនឹងការលួចចូល ឬទាញយកសិទ្ធិគ្រប់គ្រងដោយខុសច្បាប់នូវគណនីអ៊ីនធឺណេតរបស់ជនរងគ្រោះ រួមមានគណនីហ្វេសប៊ុក (Facebook) គណនី iCloud ឬគណនីអ៊ីម៉ែលជាដើម។
បន្ទាប់ពីការស្រាវជ្រាវមូលហេតុចម្បងក្រៅពីការប្រើប្រាស់បច្ចេកទេសលួចយក (បច្ចេកទេសទស្សទាយ បច្ចេកទេសបន្លំលួច Phishing ឬចម្លងមេរោគលួចយកលេខសម្ងាត់) មួយចំនួនគឺការលួចកាន់កាប់ពីសំណាក់អ្នកស៊ីឈ្នួលបង្កើតគណនី ដោយជនខិលខូចទាំងនោះ បានប្រើប្រាស់វិធីសាស្ត្រដូចខាងក្រោម៖
- ជនរងគ្រោះបានប្រើប្រាស់សេវាបង្កើតគណនីអនឡាញ (ឧទាហរណ៍ គណនីហ្វេសប៊ុក គណនីអ៊ីម៉ែល ឬគណនី iCloud)
- ជនខិលខូចមួយចំនួន ដែលជាអ្នកផ្តល់សេវាបង្កើតគណនីខាងលើ បានធ្វើការកត់ត្រាព័ត៌មានគណនី (ឈ្មោះគណនី អ៊ីម៉ែល និងលេខសម្ងាត់) របស់ជនរងគ្រោះ
- ជនខិលខូចធ្វើការចូលទៅកាន់គណនីជនរងគ្រោះ ធ្វើការចម្លងទិន្នន័យ ឬមើសសារជនរងគ្រោះដោយខុសច្បាប់ និងជំរិតទារប្រាក់ជាថ្នូរនឹងការទម្លាយវីដេអូ ឬរូបភាព
- ជនខិលខូចធ្វើការទាញយកសិទ្ធិគ្រប់គ្រងគណនី និងធ្វើការជំរិតទារប្រាក់ជាថ្នូរនឹងការផ្តល់គណនីមកឲ្យជនរងគ្រោះវិញ
- មានករណីមួយចំនួនជនខិលខូចបានបញ្ជាចាក់សោរ iCloud ទូរស័ព្ទ ឬកុំព្យូទ័ររបស់ជនរងគ្រោះពីចម្ងាយ និងជំរិតទារប្រាក់
ដូច្នេះដើម្បីការពារខ្លួនកុំឲ្យក្លាយជាជនរងគ្រោះដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និងអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
- ធ្វើការផ្លាស់ប្តូរលេខសម្ងាត់គណនីអ៊ីម៉ែល គណនីអនឡាញ ឬគណនីពាក់ព័ន្ធបន្ទាប់ពីត្រូវបានបង្កើតដោយនរណាម្នាក់
- ធ្វើការបញ្ចូលនូវប្រព័ន្ធការពារ Two Factor Authentication (2FA) ភ្ជាប់ជាមួយលេខទូរស័ព្ទ ឬ Code Generator ជាដើម
- ធ្វើការត្រួតពិនិត្យព័ត៌មាន Login (Session) របស់គណនី និងធ្វើការលុបចោលនូវ Sessions ដែលខុសប្រក្រតី៕