ភ្នំពេញ ៖ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣នេះ គម្រោងវិនិយោគចំនួន៦៤ក្រុមហ៊ុន ដែលមានទុនវិនិយោគចំនួន ៥៤០,៧៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន៧៨២៩២កន្លែង។
ចំនួននេះបើធៀបទៅនឹងរយៈពេល ៥ខែដូចគ្នា ឆ្នាំ២០២២ កន្លងទៅឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ខណៈ ៥ខែឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៧២ក្រុមហ៊ុនដែលមានទុនវិនិយោគជាង២៦៤៨លានដុល្លារអាមេរិកនិងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៤៤៦៥៩កន្លែង។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាក្នុងចំណោមគម្រោងវិនិយោគចំនួន៦៤ ក្រុមហ៊ុនក្នុងនោះក្នុងខែមករាមានគម្រោងវិនិយោគចំនួន ១០មានទុនវិនិយោគចំនួន ៩៩,៤លានដុល្លារ ផ្តល់ឱកាសការងារបាន ១៧១២៩ កន្លែង។ ខែកម្ភៈ មានគម្រោងវិនិយោគចំនួន ១៧មានទុនវិនិយោគចំនួន ៩៨,៨លានដុល្លារ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ២២៧៨៤ កន្លែង។ ខែមីនាមានគម្រោងវិនិយោគចំនួន ៧មានទុនវិនិយោគចំនួន ៣៣,៧ លានដុល្លារ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៦៦៩កន្លែង ខែមេសាមានគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុនមានទុនវិនិយោគចំនួន ២៤៧,៧ លានដុល្លារដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១៧៧២៣កន្លែងនិងខែឧសភាមានគម្រោងវិនិយោគចំនួន១០មានទុនវិនិយោគចំនួន ៦០,១៤លានដុល្លារដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន១៣៩៨៧កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគចំនួន ៦៤មានតែខែមេសា មានគម្រោងវិនិយោគធំៗ និងចំណាយទុនច្រើនជាងគេក្នុងនោះរួមមានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។
គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹងនិងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារ។គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ នៅភូមិតានៃឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារ៕