ភ្នំពេញ ៖ ក្រោយពីបំពេញបេសកម្មនៅប្រទេសកម្ពុជា អស់រយៈពេល១ឆ្នាំកន្លងទៅនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងបន្តជំរុញបន្ថែមទៀត នូវមិត្តភាពនៃប្រទេសទាំងពីរ ឲ្យ កាន់តែស៊ីជម្រៅជាងមុនទៀត។

យោងតាមគេហទំព័ហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា «ខ្ញុំក៏សូមណែនាំពាក្យជប៉ុនមួយឃ្លាថា ピンチはチャンス ដែលមានន័យថា វិបត្តិគឺជាឱកាស។ទោះបីជា ស្ថិតក្រោមស្ថានភាពបែបនេះ ក៏ដោយ ខ្ញុំនឹងនៅតែគិតគូរថា តើខ្ញុំអាចធ្វើអ្វីបានខ្លះ  ក្នុងនាមជា ឯកអគ្គរាជទូតជប៉ុន និងបន្តព្យាយាម ជំរុញបន្ថែមទៀត នូវមិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ ដោយសហការជាមួយ លោក- លោកស្រី»។

លោកថ្លែងអំណរគុណចំពោះ ប្រជាជនកម្ពុជាដែលបានស្វាគមន៍ និងផ្ញើសារដ៏កក់ក្តៅជាច្រើនមកដល់ រូបលោក។ក្រោយពេលលោកបានមកដល់កម្ពុជា លោកក៏បានចាប់ផ្តើមរៀនភាសាខ្មែរ ដើម្បីបង្ហោះវីដេ អូជាភាសាខ្មែរ ក្នុងទំព័រហេ្វសប៊ុកនៃស្ថានទូតជប៉ុនជារៀងរាល់សប្តាហ៍។នេះគឺជាកិច្ចការមួយដ៏ពិបាក ខ្លាំងសម្រាប់រូបលោក ដែលមិនធ្លាប់រៀនភាសាខ្មែរពីមុនមក។ប៉ុន្តែដោយសារការអនុវត្ត និងបន្តហ្វឹក ហាត់ជារៀងរាល់សប្តាហ៍ លោកចាប់ផ្តើមមានអារម្មណ៍សប្បាយរីករាយដោយបានស្វែងយល់ពី វប្បធម៌ខ្មែរ តាមរយៈការរៀនភាសា។

លោកបន្ដថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោកក៏មានឱកាសបានចុះបំពេញកិច្ចការនៅ ខេត្តមួយចំនួននៅកម្ពុជា។ ហើយក្នុងនាមជាសហប្រធាន នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ លោកបានចុះទស្សនាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ គឺប្រាសាទអង្គរ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងប្រាសាទព្រះវិហារ ហើយលោកក៏បានទៅខេត្តព្រះសីហនុ និងទីក្រុងប៉ោយប៉ែត ដែលជាទីកន្លែងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។លោក ចង់ធ្វើទស្សនកិច្ចខេត្តផ្សេងៗទៀត ដើម្បីយល់ដឹងពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជា កាន់តែច្បាស់។

បន្ថែមពីនេះទៀត ទូតជប៉ុន ប្រចាំកម្ពុជា ក៏បានរំលឹកថា កាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២០ លោក ម៉ូតេហ្គី រដ្ឋមន្រ្តីការបរទេសជប៉ុន បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានឯកភាពគ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាថា កម្ពុជា-ជប៉ុន នឹងបើកឲ្យប្រជាជនទាំងពីរ អាចធ្វើដំណើរ ទៅវិញទៅមកបានបន្តិចម្តងៗ ដោយស្របជាមួយនឹងវិធានការផ្សេងៗទប់ទល់នឹងជំងឺកូវីដ-១៩។

ទូតជប៉ុន បញ្ជាក់ថា តាំងពីដើមឆ្នាំ២០២០មក បញ្ហាមេរោគកូវីដ-១៩ បានផ្ទុះឡើងនៅទូទាំងពិភពលោ ក ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនម្នាក់ៗ បានផ្លាស់ប្តូរយ៉ាងខ្លាំង។ទូតជប៉ុន បន្ដថា  ទោះបីជាកម្ពុជា ស្ថិតនៅក្នុងស្ថានភាពឋិតឋេរ ដោយមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនក៏ដោយ ទូតជប៉ុន ដឹងថា កម្ពុជា ក៏មានការព្រួយបារម្ភ និងជួបប្រទះការពិបាកជាច្រើនផងដែរ។ នៅពេលបច្ចុប្បន្ននេះ មានកម្មវិធីជាច្រើនបានផ្អាក និងពន្យារពេល ហើយការចេញចូលក្នុង និងក្រៅប្រទេសក៏មានការរឹតត្បិត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ