កណ្ដាល ៖ មានប្រជាពលរដ្ឋចំនួន ១,៤៧៩ គ្រួសារ រស់នៅក្នុងឃុំចំនួន៧នៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀងនិង ជំនន់ទឹកស្ទឹងព្រែកត្នោត ។ នេះជាការលើកឡើងរបស់លោក អ៊ូច សៅរឿន អភិបាលស្រុក កណ្តាលស្ទឹង នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០នេះ។ 

លោកបានបញ្ជាក់បច្ចុប្បន្នថ្វីដ្បិតកម្រិតទឹកនៅផ្នែកលើនៅលក្ខណៈត្រឹង  ប៉ុន្តែកម្រិតទឹកផ្នែកខាងក្រោមបែរជាមានការហក់ឡើងក្នុងល្បឿងលឿន ទៅវិញ ។ អភិបាលស្រុក កណ្តាលស្ទឹង រូបនេះបន្តនិយាយដូច្នេះ ៖« ប្រសិនបើ ទឹកផ្នែកក្រោមនៅតែហក់ឡើងបែបនេះនោះនឹងបន្តរាលដាលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋនៅរស់ក្នុងឃុំផ្សេងៗទៀតដែលសណ្ឋានដីទាប » ។ 

លោកបានឲ្យដឹងថា ឃុំទាំង៧ដែលមានកំពុងរងគ្រោះដោយទឹកជំនន់នេះ មានឃុំដើមឬស ឃុំ កន្សោម ឃុំតាមោក ឃុំអន្លង់រមៀត ឃុំព្រះពុទ្ធ ឃុំគោក ត្រប់ និងឃុំជើងកែប។ «គិតត្រឹមម៉ោង៩ព្រឹកនេះគឺមិនទាន់មានពលរដ្ឋ ណាបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពឡើយ ព្រោះស្ថានភាពទឹកជំនន់ នេះគឺយើងនៅអាចគ្រប់គ្រងបាន » ។ 

ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងខេត្តកណ្តាលគឺបានត្រៀមកម្លាំង និងទីទួលសុវត្ថិភាពរួចអស់ហើយ សម្រាប់ជម្លៀសពលរដ្ឋចេញពីកន្លែងគ្មានសុវត្ថិភាពដែលបង្កដោយជំនន់ នេះ ។ នេះ បើតាមការលើកឡើងរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល ដោយបន្តអះអាងដូច្នេះ « យើងបានត្រៀមកម្លាំងគ្រប់ស្ថាប័ន សម្រាប់ជម្លៀសនឹងសង្គ្រោះពលរដ្ឋឱ្យមានសុវត្ថិភាព។ យើងបានរៀបចំ កងកម្លាំងរួចអស់ហើយ ដើម្បីសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា » ។ 

សូមជម្រាបថា ជំនន់ទឹកស្ទឹងព្រែកត្នោតដែលបន្តបានហក់ឡើងក្នុង កម្រិតប្រកាសអាសន្ននេះ បានធ្វើឱ្យ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល និង ក្រុងតាខ្មៅ រងគ្រោះដោយជំនន់នេះ ។ លើសពីនេះទៀត ឥទ្ធិពលជំនន់ ទឹកស្ទឹងព្រែកត្នោត ក៏បានពលរដ្ឋជាច្រើនគ្រួសារនៅក្នុងខណ្ឌដង្កោ បង្ខំចិត្ត ចាកចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិ ៕ EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ