សម្ដេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី
ភ្នំពេញ ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ តំណាងគណៈកម្មការសាសង់បានរាយការណ៍ជូនសម្ដេច និងអង្គប្រជុំថា គិតមកដល់ខែមេសា ឆ្នាំ២០២៣នេះ ដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានប្រមាណ ៨០ភាគរយហើយ ធៀបនឹងកិច្ចសន្យា។
នាយឧត្តមសេនីយ៍ បានឱ្យដឹងទៀតថា គម្រោងសាងសង់អគារថ្មីនៃទីស្ដីការក្រសួងមផ្ទៃ នឹងបញ្ចប់ការងារសាងសង់តាមកាលកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ។ នាយឧត្តមសេនីយ៍ ក៏បានឱ្យដឹងថាគណៈកម្មការ បានស្នើសុំក្រុមហ៊ុនជួយបន្លឿនការងារមួយចំនួន ដូចជាប្រក់ដំបូលឱ្យបានមុនភ្លៀងកក់ខែជាដើម។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ អគារនេះមានគ្រោងចំណាយប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក។
អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី មានទីតាំងនៅអគារចាស់ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានផ្ទៃដីសរុបទំហំ ៥.៦ហិកតា ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ ១០៥.៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ ៤៣.៥ម៉ែត្រ។
អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន ៣៣០គ្រឿង៕