ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្ពុជា បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ បើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង។

ក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានានៅវត្តមហាពោធិមង្គល ស្ថិតនៅឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា «កម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍបើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ»។

សម្ដេច បន្តថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្ដេច ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនដល់ប្រជាជន និងសង្គមជាតិទាំងមូល ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទទួលបានជោគជ័យជាមួយលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈ កម្ពុជាជាប្រធានអាស៊ានប្តូរវេន ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានដំណើការទៅដោយ សេរី យុត្តិធម៌ និងតម្លាភាព ក៏ទទួលបានជោគជ័យគួរជាទីមោទនៈ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ