សម្ដេច ស ខេង ៖ រាជរដ្ឋាភិបាល ពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល ពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្របសាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកបក្ខពួក ក្នុងចំណោមប្រជាពលរដ្ឋកាន់សាសនាខុសគ្នា។
ក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានានៅវត្តមហាពោធិមង្គល ស្ថិតនៅឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានរំលឹកថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាព ជំនឿ និងសាសនាទាំងអស់ត្រូវលុបបំបាត់ចោលទាំងស្រុង ប៉ុន្តែទើបតែក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេល៤៤ឆ្នាំកន្លងមកនេះ វត្តអារាម និងវិហារសាសនាផ្សេងៗ ព្រមទាំងសមិទ្ធផលនានា ត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះ មានភាពរីកចម្រើន លើគ្រប់វិស័យ គួរអោយកត់សម្គាល់។
សម្ដេច បញ្ជាក់ថា «សម្រាប់វិស័យសាសនា រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកបក្ខពួកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់អោយក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ អប់រំទូន្មានមនុស្ស លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយក សាសនាទៅធ្វើអាជីវកម្ម»៕EB