ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ព្រមទាំងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ផងដែរ។

ក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានានៅវត្តមហាពោធិមង្គល ស្ថិតនៅឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានថ្លែងថា «អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និង ការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត»។

ជាមួយគ្នានោះដែរ សម្ដេច ស ខេង ក៏បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តសិទ្ធិក្នុងឋានៈជាពលរដ្ឋ និងជាម្ចាស់នៃជោគវាសនាប្រទេសជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ