សម្ដេច ស ខេង អំពាវនាវដល់ពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន នាឱកាសចូលឆ្នាំខ្មែរ ដើម្បីការពារអាយុជីវិត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពអនុវត្តច្បាប់ ស្ដីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។
យោងតាមសេចក្ដីអំពាវនាវរបស់ គ.ស.ច.គ នាពេលថ្មីៗនេះ សម្ដេច ស ខេង បានថ្លែងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ គ.ស.ច.គ អំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកតាមវិធានការ ដូចជា ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ ពេលវេលា។
សម្ដេច បន្ដថា មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងជាដាច់ខាត, ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច (បន្ថយល្បឿន ឬឈប់នៅផ្លូវប្រសព្វ), ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត, មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
សម្ដេច ស ខេង បញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យ បានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ការពារទ្រព្យសម្បត្តិ របស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិយើង ដែលកំពុងតែមានការ អភិវឌ្ឍលើគ្រប់វិស័យ»។
លើសពីនេះ សម្ដេច ស ខេង មានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងចូលរួមគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជា អនុវត្តតាមសេចក្តីអំពាវនាវនេះប្រកប ដោយស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ សំដៅនាំមកនូវសុវត្ថិភាព និងសេចក្តីសុខសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ និងបន្តជារៀងរហូតទៅ៕