កម្ពុជា ស្វាគមន៍គំនិតផ្តួចផ្តើមរបស់IFC ក្នុងការពង្រឹងភាពជាដៃគូលើវិស័យ គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ និងផ្លៃមៀន
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) ក្នុងការពង្រីកការគាំទ្រលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ល។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Asad Yaqub ប្រធាន IFC ចូលជួបពិភាក្សាការងារ ទាក់ទងទៅនឹងសមិទ្ធផលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម បញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍ និងឱកាសវិនិយោគក្នុងវិស័យនេះនៅកម្ពុជា នាថ្ងៃទី៣០មីនា រដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានថ្លែងសមិទ្ធផលសំខាន់ៗ ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជាកន្លងមកនេះ លោកជឿថាការធ្វើពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាមួយនឹងការប្រឹងប្រែងរបស់កម្ពុជា សេដ្ឋកិច្ចកម្ពុជាបានលូតលាស់ក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២០ និងរំពឹងថានឹងកើនដល់ប្រហែល ៦% ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ប្រកបដោយប្រយោជន៍ ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាសទាំងនេះ ក្នុងការពង្រីកខ្សែច្រវ៉ាក់តម្លៃរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក។
រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានលើកឡើងថា «ក្រសួងពាណិជ្ជកម្មស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ IFC ក្នុងការពង្រីកការគាំទ្រលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ ការពង្រីកប្រតិបត្តិការអាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទាន កម្ចី ជំនួយឥតសំណង ឬជំនួយបច្ចេកទេស នឹងរួមចំណែកក្នុងការជួយទៅដល់វិស័យឯកជន ហើយការសហការគ្នាក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន នឹងផ្តល់សារសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ» ៕EB