កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយស៊ីមបាវ៉េ ព្រោះប្រទេសមួយនេះ មានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ
ភ្នំពេញ ៖ កម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៊ីមបាវ៉េ ជាប្រទេសមួយ នៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៊ីមបាវ៉េ ក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៊ីមបាវ៉េ ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅម៉ាឡេស៉ី នៅទីស្ដីការក្រសួង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ព្រមទាំងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។
លោករដ្ឋមន្ដ្រី បន្ដថា នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៣លាននាក់រួចទៅហើយ។
នាឱកាសនោះ លោកស្រី ខន់ស្ដេន ចេមវ៉ាយី បានសង្កេតឃើញនូវការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាមានភាពលឿនរហ័ស។ លោកស្រី បានបន្តថា កម្ពុជា និងស៊ីមបាវ៉េ អាចសហការគ្នាដើម្បីជំរុញទេសចរទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរទី៣ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដោយសារកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ស្រាប់ និងមានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រភេទនេះផងដែរ ពិសេសនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន៕EB