ព្រះសីហនុ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ ត្រូវបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋផងដែរ។ 

ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីបញ្ហាប្រឈម នានាដែលនៅសេសសល់ រួមទាំងកិច្ចការសំខាន់ៗនានាជាច្រើន ដែលត្រូវបន្ត ខិតខំរួមគ្នាពុះពារអនុវត្តឲ្យបានល្អក្នុងឆ្នាំ២០២៣ នេះ ពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យប្រព្រឹត្តទៅប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឲ្យទទួលបានជោគជ័យនិងមានសុវត្ថិភាព។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចបានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ត្រូវខិតខំ រួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំ២០២៣ ពិសេស ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពារ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត។ 

សម្ដេច ស ខេង បានគូសបញ្ជាក់ថា "បន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹង នីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេស ជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ