ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ ហើយនេះបានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន និងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងខាងលើនេះមានទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ។ គឺជាពហុកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ 

ស្ថានទូត បានបញ្ជាក់ថា ពហុកីឡាដ្ឋានខាងលើនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខនេះផងដែរ។

ជាងនេះទៅទៀត ស្ថានទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ទៀតថា «នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ រវាងចិន និងកម្ពុជា។

សូមរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ