កម្ពុជា ត្រៀមខ្លួនស្វាគមន៍ធុរជនថៃ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ខណៈរយៈពេល ៦ខែ ទំហំពាណិជ្ជកម្មទ្វេភាគីជិត ២ពាន់លានដុល្លារ
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ខណៈរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគី មានទំហំទឹកប្រាក់ជាង ១.៩ ពាន់លានដុល្លារ ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដឹកនាំដោយ លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មថៃ និង លោក Audsitti Sroithong ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មថៃ នៃក្រុមប្រឹក្សាវិនិយោគថៃ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ មានប្រសាសន៍ថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានលេចចេញជាសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដោយបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ពីជុំវិញពិភពលោក ជាពិសេសប្រទេសចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃ ។
លោករដ្ឋមន្ត្រី បានប្រកាសស្វាគមន៍អ្នកទាំងអស់គ្នា ដែលមកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា ដែលកិច្ចប្រជុំថ្ងៃនេះនឹងផ្តល់ឱ្យ នូវឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីអាជីវកម្ម និងឱកាសវិនិយោគដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ជាថ្មីម្តងទៀត កម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ»។
ក្នុងឱកាសនោះដែរ លោក Voratat Tantimongkolsuk បានជម្រាបជូនលោករដ្ឋមន្ត្រី ថា គោលបំណង នៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀត ពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃ មានទំហំទឹកប្រាក់ជាង ៤០៩ លានដុល្លារអាមេរិក និងថៃនាំចេញ មកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣ ៨៣២ លានដុល្លារអាមេរិក។ សម្រាប់រយៈពេល ៦ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១.៩ ពាន់លានដុល្លារអាមេរិក៕EB