អគ្គិសនីកម្ពុជា ប្ដេជ្ញាមិនឱ្យតម្លៃអគ្គិសនីឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ និងខិតខំពង្រីកថាមពលអគ្គិសនី
ភ្នំពេញ ៖ លោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានប្ដេជ្ញាទប់មិនឱ្យតម្លៃអគ្គិសនីមានការឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ និងខិតខំពង្រីកបន្ថែមទៀត នូវថាមពលអគ្គិសនីនៅកម្ពុជា ដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងឆ្ពោះទៅមានលទ្ធភាពអាចផលិតបាន រហូតនាំចេញទៅខាងក្រៅ ។
ក្នុងឱកាសទើបទទួលបានតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោក ប្រាំង ជលសា បានលើកឡើងថា នឹងបន្តផែនការយុទ្ធសាស្ត្រ របស់អគ្គីសនីកម្ពុជា ដើម្បីបន្តភាពខ្លាំង ដោយបន្តពង្រីការគ្រប់គ្រងអគ្គិសនីឲ្យបានគ្រប់គ្រាន់ មានតុល្យភាព គុណភាព និរន្តរភាព ជូនប្រជាពលរដ្ឋ។
លោក បន្តថា បន្តអភិវឌ្ឍន៍ប្រភពថាមពល ប្រកបដោយចីរភាព ដោយប្រើប្រាស់ជាអតិបរិមា ប្រភពអគ្គិសនីស្អាតកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែក ប្រភពអគ្គិសនីពីក្រៅ ដោយម្ចាស់ការមានការផលិតថាមពលដោយខ្លួនឯង និងឈានលទ្ធភាពនាំចេញទៅវិញ ។
អគ្គនាយកអគ្គិសនីកម្ពុជា បានបន្ថែមថា «នឹងខិតខំប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះតម្លៃអគ្គិសនីតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវព្យាយាមគ្រប់វិធីសាស្ត្រ និងមធ្យោបាយទប់ស្កាត់ការកើនឡើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ខណៈដែលប្រទេសផ្សេងៗ ពុំអាចទ្រទ្រងបាន ហើយបង្កើនតម្លៃអគ្គិសនី»។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានទីតាំងផលិតនូវថាមពលអគ្គិសនីជាច្រើនកន្លែង រួមទាំងកំពុងអភិវឌ្ឍន៍បន្ថែមនៅតាមបណ្ដាខេត្តមួយចំនួន ហើយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន អនុវត្តការកសាងនូវប្រភពអគ្គិសនីថ្មីចំនួន៥ ដែលមានអនុភាព ៥២០ម៉េហ្កាវ៉ាត់ ដែលរដ្ឋអាចនឹងទទួលបានចំណូលពន្ធប្រមាណ ៣២២លានដុល្លារ ពីគម្រោងទាំងអស់នេះ៕EB