ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឱ្យមន្ត្រីជំនាញ ពិនិត្យតាមលទ្ធភាពជាក់ស្តែង ដើម្បីសម្រួលក្នុងការសាងសង់ប៉ុស្តិ៍នគរបាល សម្រាប់បម្រើជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់គុណភាពការងារ។

ក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរចំពោះលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ -សង្កាត់។ ដោយ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ការៀបចំក្រុមការងារនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាល នៅទូទាំងប្រទេស។

ដោយឡែកចំពោះការសាងសង់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមរាជធានី-ខេត្ត សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យមន្ត្រីជំនាញ ពិនិត្យតាមលទ្ធភាពជាក់ស្តែង ដើម្បីសម្រួលក្នុងការសាងសង់ប៉ុស្តិ៍នគរបាលសម្រាប់បម្រើ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់គុណភាពការងារ និងមាននិរន្តរភាពការងារប៉ុស្តិ៍នគរបាលផងដែរ។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប គោរពជូនសម្តេច ព្រមទាំងអង្គប្រជុំទាំងមូលបានជ្រាប ដោយក្នុងនោះ លោកឧត្តមសេនីយ៍ឯក លើកឡើងថា ក្រុមការងារចុះស្រាវជ្រាវ បានចុះប្រតិបត្តិការសិក្សាស្រាវជ្រាវ ចាប់ផ្តើមដំណើរការអស់រយៈពេល៦ខែ ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដោយបានជ្រើសរើសយកប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៣៨ប៉ុស្តិ៍ តាមភូមិសាស្ត្រ ២៥រាជធានី-ខេត្ត ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ដែលក្នុងនោះក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែង ព្រមទាំងជួបពិភាក្សាជាមួយមេឃុំ-ចៅសង្កាត់ សមាជិក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ ប្រធានក្រុម ប្រជាការពារ នាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បានសរុបចំនួន ៣.៧៧០នាក់ (ស្រី ៤៨៧នាក់)។

លើសពីនេះទៀត លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា តាមរយៈការចុះសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យអំពីវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ១៣៨ប៉ុស្តិ៍ លើ ១.៦៥២ប៉ុស្តិ៍ បានពិនិត្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការបង្កលក្ខណៈជួយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចជាការដាក់ចេញនូវគោលការណ៍ វិធានការ និងផែនការជំនាញសំខាន់ៗ តម្រង់ទិសការងារបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាព លើកទឹកចិត្តជំរុញឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាល មានឆន្ទៈក្នុងការខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ