សាលារៀនតាមបណ្ដា រាជធានី-ខេត្ត រៀបចំសម្អាតបរិស្ថានតាមស្តង់ដាអនាម័យ មុនពេលបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី២
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ-អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលារៀន និងបាញ់ថ្នាំកម្ចាត់មេរោគ មុនពេលបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី២។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ថា «ការ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ដែលដាក់ឲ្យអនុវត្តតាមស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការនេះឡើងវិញប្រកបដោយសុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩»។
ក្នុងឱកាសនៃកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទរួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២០លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា «ការបើកដំណើរការគ្រឹះ ស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំងប្រថុយប្រថានឡើយ»។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឲ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។
សូមជម្រាបថា គ្រឹះស្ថានសិក្សាមួយចំនួននឹងបើកដំណើរការឡើងវិញដំណាក់កាលទី២ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ ដោយឡែកឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ៕EB