គណៈសង្ឃនាយក អំពាវនាវដល់គ្រប់វត្តអារាម ទីសាសនដ្ឋានទូទាំងប្រទេស វាយជួង រគាំង និងទូងស្គរ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ បញ្ជីក្នុងបេតិកភណ្ឌពិភពលោក
ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់វត្តអារាម ទីសាសនដ្ឋានទូទាំងប្រទេស វាយជួង រគាំង និងទូងស្គរ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
តាមរយៈលិខិតរបស់ គណៈសង្ឃនាយក នាថ្ងៃទី១៧ កញ្ញា បានឱ្យដឹងថា ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ កញ្ញា គណៈសង្ឃនាយក សូមប្រគេនព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការត្រៀមរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងប្រទេសកម្ពុជាឱ្យបានព្រមៗគ្នា នៅថ្ងៃទី២០ កញ្ញា កុំបីអាក់ខានឡើយ។
សូមរំលឹកថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោក ចំនួន៤ ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕