ភ្នំពេញ ៖ យុទ្ធសាស្រ្តជាតិស្ដីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបានតាក់តែងឡើងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ បន្ទាប់ពីកន្លងមក រាជរដ្ឋាភិបាលជួបការប្រឈម និងការលំបាកក្នុងការកំណត់អត្តសញ្ញាណ និងផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋប្រកបរបរ ឬធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈក្រុមនេះងាយរងគ្រោះក្នុងគ្រាមានវិបត្តិដូចជាវិបត្តិកូវីដ-១៩ជាដើម។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក្រោមអធីបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា  នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងជំហានដំបូងនៃការអនុវត្តយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាលបានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារដែលនឹងទទួលបានប្រយោជន៍ពីយុទ្ធសាស្រ្តនេះ រួមមាន៖ ផ្នែកសហគ្រាស មានលក់ដុំ លក់រាយ និងជួសជុល ផ្ដល់សេវាកម្មស្នាក់នៅនិងអាហារ សិប្បកម្មនិងសហគមន៍កសិកម្ម អ្នកប្រកបអាជីវកម្មនិងធ្វើការងារជាកម្មករសំណង់ អ្នកបម្រើសេវាកម្មភេសជ្ជៈកំសាន្ត ម៉ាស្សា កែសម្ពស្ស សាឡន ជាងកាត់សក់ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី ម៉ូតូដឹកទំនិញ តាក់ស៊ី អាជីវករលក់តាមផ្សារ សិល្បៈករ សិល្បៈការិនី កីឡាករ អ្នកសារព័ត៌មាន អាជីវករចល័តតាមដងផ្លូវ អ្នកបម្រើសេវាតាមរោងការ និងពលករក្នុងវិស័យកសិកម្ម។

សូមបញ្ជាក់ថា ប្រព័ន្ធជំនួយសង្គម ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងសម្រាប់ផ្តល់ជំនួយជាថវិកា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃជាដើម ដល់ក្រុមពលរដ្ឋក្រីក្រ និងងាយរងគ្រោះ តាមរយៈប័ណ្ណសមធម៌។ ក្នុងប្រព័ន្ធជំនួយសង្គមនេះ ក៏មានកម្មវិធីផ្សេងៗទៀតដូចជា ការអភិវឌ្ឍធនធានមនុស្ស ការឆ្លើយតបនឹងគ្រោះអាសន្ន សុខមាលភាពសង្គមសម្រាប់មនុស្សចាស់ និងពិការភាព ការគាំពារសុខភាពសង្គម(មូនិធិសមធម៌) និងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស។ តាមរយៈ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកពាក់ព័ន្ធដូចបានបញ្ជាក់ខាងលើ នឹងទទួលបានផលប្រយោជន៍ដូចបានបញ្ជាក់មកនេះជាជំហានៗតាមការអនុវត្តរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ