CMAC ៖ គ្រាប់បែកចង្កោម ជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីមានអាយុកាលជាង ៥០ឆ្នាំក៏ដោយ តែបន្តគំរាមកំហែងដល់អាយុជីវិតមនុស្ស
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងថា គ្រាប់បែកចង្កោម ជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង ៥០ឆ្នាំហើយក៏ដោយ ប៉ុន្ដែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជា នៅឡើយ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ កក្កដា ឆ្នាំ២០២៣ លោក ហេង រតនា បានគាំទ្រយ៉ាងពេញទំហឹងចំពោះសារអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ដ្រី សំណូមពរប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន។
លោក អគ្គនាយក CMAC គូសបញ្ជាក់ថា «គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង ៥០ឆ្នាំហើយក៏ដោយ ក៏គ្រាប់បែកចង្កោមទាំងនោះ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ»។
លោក អគ្គនាយក បន្ដថា ផលលំបាក នៃសង្គ្រាម ជាពិសេសដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា និងបណ្តាប្រទេសរងគ្រោះមួយចំនួន ក៏ជាចំណែកមួយនៃចលនាបង្កើតអនុសញ្ញាអន្តរជាតិអូស្លូស្តីពី «ការហាមប្រាមការប្រើប្រាស់ ការផលិត ការស្តុកទុក និងការដឹកជញ្ជូនគ្រាប់បែកចង្កោម» ដែលបានចូលជាធរមានជាច្បាប់អន្តរជាតិ នៅឆ្នាំ២០០៨ មាន ១២៣ប្រទេស ក្នុងនោះ មានរដ្ឋភាគីចំនួន ១១១និងរដ្ឋហត្ថលេខី ចំនួន១២។
លោក អគ្គនាយក បន្ថែមទៀតថា ចូរចងចាំថា នៅទសវត្សរ៍ ៦០និង៧០ កម្ពុជារងការទម្លាក់ប្រមាណ ៣០លានកូនគ្រាប់បែកចង្កោម លើគោលដៅ(ទីតាំងទម្លាក់) រាប់ម៉ឺនគោលដៅក្នុងក្របខណ្ឌទូទាំងប្រទេស។ តាមការសិក្សាវាយតំលៃឃើញថា គ្រាប់បែកចង្កោមដែលបានប្រើក្នុងសង្គ្រាមឥណ្ឌូចិន មានកំរិតអត្រាមិនផ្ទុះ ក្នុងការប្រើប្រាស់ក្នុងសង្គ្រាមមានចំនួនប្រមាណ ២៥ទៅ ៣០% ដែលបរិមាណនេះបន្តបង្កគ្រោះថ្នាក់រយ:ពេលយូរអង្វែង៕EB