ភ្នំពេញ ៖ ដោយមើលឃើញពីអត្ថប្រយោជន៍ជាច្រើននៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្រកាសអនុវត្តន៍គម្រោងប្រើប្រាស់ប្រព័ន្ធនេះ ព្រមទាំងបានពង្រីកគម្រោងរហូតដល់ ១៥០ វិទ្យាល័យបន្ថែមទៀត ដែលជាវិទ្យាល័យធនធាន វិទ្យាល័យនៅក្នុងគម្រោងកែលម្អការអប់រំមធ្យមសិក្សា (SEIP) និងវិទ្យាល័យពីរផ្សេងទៀត។

ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់សាលារៀនជូនវិទ្យាល័យចំនួន១៥០ និងប្រកាសសមាសភាពក្រុមការងារដឹកនាំ គ្រប់គ្រង និងអនុវត្ដន៍គម្រោង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា «ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតក្រុមការងារដឹកនាំ គ្រប់គ្រងនិងអនុវត្តន៍គម្រោងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០»។

លោកបន្ដថា គម្រោងនេះក៏បំពាក់អ៊ីនធឺណិតល្បឿនលឿន ១០០ Mbps ដែលអាចប្រើប្រាស់គ្រប់គ្រាន់ក្នុងបរិបទដែលសាលារៀនទាំងអស់កំពុងមានតម្រូវការអ៊ីនធឺណិតខ្លាំងសម្រាប់បម្រើការបង្រៀននិង រៀនតាមប្រព័ន្ធអេឡិចត្រូនិក ឬការសិក្សាពីចម្ងាយ។

លោកលើកទឹកចិត្តដល់ក្រុមការងារដឹកនាំគ្រប់គ្រង និងអនុវត្តន៍គម្រោងដែលជាបុគ្គលិកអប់រំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យខិតខំប្រឹងប្រែងជួយជ្រោមជ្រែងការប្រើប្រាស់ប្រព័ន្ធនេះឱ្យមានប្រសិទ្ធភាពនិងជំរុញគ្រូបង្រៀនដែលប្រើប្រាស់ ប្រព័ន្ធនេះខិតខំឈ្វេងយល់ពីប្រព័ន្ធ ដើម្បីឱ្យមានចំណេះដឹងផ្នែកឌីជីថលកាន់តែប្រសើរ ស្របតាមចក្ខុវិស័យរបស់ក្រសួងក្នុងការលើកស្ទួយការអប់រំបែបឌីជីថលនៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ