សម្ដេច ស ខេង ណែនាំអាជ្ញាធរ បន្ដបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងអនុវត្តកម្មវិធីនយោបាយនានា របស់រាជរដ្ឋាភិបាល
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានណែនាំអាជ្ញាធរ បន្ដបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងអនុវត្តកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលផងដែរ។
ក្នុងសន្និបាតគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍ សភាពការណ៍ទូទៅការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តបាត់ដំបង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំគណបក្ស បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដែលបានខិតខំបំពេញភារកិច្ចថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសថ្មីៗនេះ បានដឹកនាំ និងជួយគាំទ្រយ៉ាងសកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មីដើម្បីផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្ស ព្រមទាំងក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចតាមទិសដៅដែលគណបល្សបានដាក់ចេញកន្លងមក និងការខិតខំប្រឹងប្រែងជាច្រើនទៀតក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខ។
សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនទៅកាន់អង្គសន្និបាត ដូចជាការថែរក្សាសុខសន្តិភាព ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ការជួយសង្គ្រោះពលរដ្ឋរងគ្រោះធម្មជាតិ ការប្រមូលសំណើរ សំណូមពរ មតិយោបល់ និងកង្វល់ពលរដ្ឋ និងអនុសាសន៍មួយចំនួនទៀតពាក់ព័ន្ធនឹងការងារគណបក្ស ៕EB