ភ្នំពេញ ៖ លោក ស សុខា កូនប្រុសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ជាបន្តបន្ទាប់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលធ្វើនយោបាយដើម្បីដូរបាយនោះ បាននិងកំពុងផ្តិតយក ឬភ្ជាប់ជាមួយ សម្តេច ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលកំពុងមាននយោបាយល្អទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ស សុខា បានឲ្យដឹងថា ជាមួយគ្នានេះអ្នកវិភាគមួយចំនួន បានលើកយកវត្តមាន សម្តេចក្រឡាហោម អញ្ជើញទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាព ទាញចេញទៅជារឿងបែបនេះបែបនោះ បំភាន់មតិជាតិ-អន្តរជាតិ ឲ្យយល់ច្រឡំថា គណបក្សប្រជាជនកម្ពុជា កំពុងបែកបាក់ផ្ទៃក្នុង ផ្ទុយស្រឡះពីការពិត ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានជំហរ និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ រឹងមាំមិនអាចអ្នកណា ឬក្រុមណាមួយបំបែកបាន និងជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាជនកម្ពុជា តរៀងទៅ ។

លោកបានបញ្ជាក់ថា «ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប និងក្នុងនាមជាក្រុមគ្រួសាររបស់ សម្តេចក្រឡាហោម ផងនោះ ខ្ញុំសុំទទូចឲ្យអ្នកនយោបាយប្រឆាំងទាំងនោះ ល្មមចប់សព្វគ្រប់ និងល្មមបញ្ឈប់អត្តចរិតរំលោភបំពានទៅលើគេ ពិសេសទៅលើសម្តេចក្រឡាហោម ស ខេង ដែលគ្រប់យ៉ាងមិនមែនជាការពិត ព្រោះថា ល្បែងបោកប្រាស់តាមយន្តការប្រជាភិថុតិ របស់ក្រុមអស់លោក គ្មានអ្នកណាជឿទៀតទេ»។

ជាងនេះទៅទៀត លោក ស ខេង ក៏បានបញ្ជាក់ទៀតថា សម្តេចក្រឡាហោម ស ខេង ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្សេងៗទៀត គឺបាន និងកំពុងលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីកសាងប្រទេសជាតិ ដែលផ្ទុយស្រឡះពីក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន បានត្រឹមតែស្រែកបំភាន់ ញុះញង់ បំបែកបំបាក់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង និងបក្ខពួករបស់ខ្លួននោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ