កម្ពុជា-ឡាវ បង្កើនកិច្ចសហការ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសអំពើរត់ពន្ធមនុស្ស
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងនាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ បានបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស អំពើរត់ពន្ធ-ជួញដូរមនុស្សឆ្លងដែន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ។
ក្នុងស្មារតីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម សម្ដេចក្រឡាហោម ស ខេង និង នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង បានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានឯកភាពយកចិត្តទុកដាក់អនុវត្តកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖
-បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃ ភាគីទាំងពីរ សំដៅរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងសហការ បង្កលក្ខណៈសមស្របដល់ពលរដ្ឋចេញ-ចូលស្របច្បាប់តាមច្រកទ្វារព្រំដែន ដើម្បីធ្វើធុរកិច្ច ទេសចរណ៍ និងសួរសុខទុក្ខគ្រួសារ រួមចំណែកជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
-បង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស អំពើរត់ពន្ធ-ជួញដូរមនុស្សឆ្លងដែន សកម្មភាពជួញដូរ និងដឹក ជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតមាននៅតាមតំបន់ព្រំដែន។
-បន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសហការដោះស្រាយបញ្ហានានាដោយសន្តិវិធី ផ្អែកលើ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនអំពីបទប្បញ្ញត្តិព្រំដែន ដើម្បីចៀសវាងធ្វើ សកម្មភាព ឬបង្កបាតុភាពអសកម្មផ្សេងៗ នាំឲ្យប៉ះពាល់ដល់ស្ថានភាពដើមនៅតំបន់មិនទាន់ កំណត់ខណ្ឌសីមា។
-បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឲ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ នៅព្រះរាជាណាចក្រកម្ពុជា និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយទទួល បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០២៣ នៅ រដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕