ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានរីករាយឃើញកម្ពុជា សម្រេចបានការរក្សាសន្តិភាពអស់រយៈពេលយូរអង្វែង ជាពិសេស ក្លាយជាប្រទេសមានការអភិវឌ្ឍន៍សេដ្ឋកិច្ចលឿងបំផុត ក្នុងតំបន់អាស៊ី។

ក្នុងពិធីបើកសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ លោក Wang Wentian បានថ្លែងថា «យើងរីករាយឃើញថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជាសម្រេចបានការរក្សាសន្តិភាពអស់រយៈពេលយូរអង្វែងតាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ និងក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ចលឿងបំផុតក្នុងអាស៊ី»។ 

លោក បន្ដថា ជាពិសេសនោះគឺស្ថិតក្រោមបរិបទប្រយុទ្ធប្រឆាំងនៃជំងឺវីរុសកូវីដ១៩ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន បានបង្ហាញពីភាពជាអ្នកដឹកនាំនិងសមត្ថភាពរៀបចំដ៏ខ្លាំងក្លា បានរៀបចំគោលនយោបាយដ៏មានប្រសិទ្ធភាព អនុវត្តបានយ៉ាងល្អនិងត្រូវចំណុច បានការពារអាយុជីវិតនិងសុខភាពប្រជាជនយ៉ាងមានប្រសិទ្ធភាព បានក្លាយជាគំរូនៃកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសក្នុងតំបន់និងលើសកលលោកយ៉ាងជោគជ័យ។ ក្នុងនាមជាមិត្ត យើងខ្ញុំមានក្តីរំភើបជាខ្លាំង។

លោក បន្ថែមថា ចិន-កម្ពុជា ជាមិត្តជិតខាងល្អ ដៃគូល្អ មិត្តល្អ បងប្អូនល្អ គឺជាចំណងមិត្តភាព ចិន-កម្ពុជា ដែលមានប្រវត្តិសាស្រ្តយូរអង្វែង និងរឹងមាំដែលបង្កើតឡើង និងបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ ទំនាក់ទំនង ចិន និងកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនិងវិជ្ជមាន ការជឿទុកចិត្តគ្នាលើនយោបាយបន្តទទួលបានការពង្រឹងឥតឈប់ឈរ សមិទ្ធផលកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទទួលបានផលវិជ្ជមានជាច្រើន ទំនាក់ទំនងរវាងប្រជាជនកាន់តែស្អិតរមួត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ