ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីលទ្ធភាពដាក់តំបន់អេកូ ទេសចរណ៍អន្លង់ផ្សោតព្រែកកាំពី និងដែនជម្រកសត្វព្រៃព្រែកប្រសព្វខេត្តក្រចេះ ចូលទៅក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការយូណេស្កូ សំដៅបង្កើនកិច្ចការពារ និងអភិរក្សតំបន់ទាំងនេះសម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងជួយសង្គ្រោះដល់ពពួកសត្វកម្រដែលនៅសេសសល់។យោងតាមការចេញផ្សាយក្រសួងព័ត៌មាន។

បើតាមការបញ្ជាក់របស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងាររបស់ក្រសួងបរិស្ថានបានធ្វើការចងក្រងបាននូវឯកសារ មួយចំនួនហើយ ដើម្បីដាក់តំបន់ ធម្មជាតិទាំងពីរនេះចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ ស្របគ្នាទៅនឹងតំបន់ធម្មជាតិចំនួនពីរទៀត នៅខេត្តព្រះវិហារ គឺតំបន់ការពារធម្មជាតិភ្នំត្បែង និងតំបន់ការពារធម្មជាតិត្មាតប៉ើយ។

ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចុះស្វែងយល់ពីសក្តានុពលនៃតំបន់អេកូទេសចរណ៍អន្លង់ផ្សោតព្រែកកាំពី ដែលមានទីតាំងក្នុងភូមិសាស្ត្រឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែកញ្ញា ឯកឧត្តម បានបញ្ជាក់ថា តំបន់អន្លង់ផ្សោត ព្រែកកាំពី និងដែនជម្រកសត្វព្រៃព្រែកប្រសព្វ គួរតែក្លាយជាបញ្ជីអាទិភាពមួយក្នុងការដាក់ស្នើសុំចូលទៅក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិ ពិភពលោក ដោយសារវាមានទៅដោយពពួកសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក។

លោក មានប្រសាសន៍ថា «តំបន់ព្រែកកាំពីមានទៅ ដោយសត្វផ្សោតទឹកសាបមេគង្គច្រើនជាងគេលើពិភពលោក ខណៈនៅក្នុងប្រទេសភូមា និងឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមាន ប្រហែល៦០ក្បាលប៉ុណ្ណោះ។ ចំណែក ដែនជម្រកសត្វព្រៃព្រែកប្រសព្វ មានទៅដោយសត្វក្តាន់ និងសត្វស្លាបដទៃទៀតដូចជា ត្រយង យក្ស ត្មាត ជាដើម»។

តាមការសិក្សារបស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF នៅក្នុងឆ្នាំ២០១៧ បាន ប៉ាន់ប្រមាណថា សត្វផ្សោតមេគង្គកម្ពុជាមានប្រហែលចន្លោះពី៨០ទៅ៩២ក្បាល ដែលចំនួនមានការធ្លាក់ចុះយ៉ាងច្រើន បើធៀប ទៅនឹងចំនួនដែលត្រូវបានជំរឿនក្នុងឆ្នាំឆ្នាំ១៩៩៧ មានប្រហែល២០០ក្បាល និងក្នុងឆ្នាំ២០០៥មានចំនួន១២៧ក្បាល។

កត្តាគម្រាមកំហែងធ្ងន់ធ្ងរទៅលើសត្វផ្សោត ត្រូវបានរាប់បញ្ចូលដោយគម្រោងទំនប់វារីអគ្គិសនី នានាកាត់ទន្លេមេគង្គការជាប់មងរបស់អ្នកនេសាទ ការរំខានដល់ទីជម្រក និងប្រភពរកចំណីរបស់ពួកវា ជាដើម។

យ៉ាងណាក៏ដោយ បើតាមការសិក្សា និងវិភាគរបស់ក្រុមអ្នកជំនាញអង្គការ WWF បានប៉ាន់ប្រមាណថាចំនួនកូនសត្វផ្សោតដែល បានកើតឡើងវិញក្នុងចន្លោះពីឆ្នាំ២០១៨ ដល់បច្ចុប្បន្នមានប្រហែលជិត២០ក្បាល៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ