ព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ, ប្រធានក្រុមប្រឹក្សាខេត្ត-អភិបាលខេត្តព្រះសីហនុ, មន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសមិទ្ធផលសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ គោរពជូនសម្ដេចក្រឡាហោម ស ខេង អង្គសន្និបាតទាំងមូលថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសហការជាមួយក្រុមការងារចម្រុះ ថ្នាក់ជាតិ ធ្វើការដឹកនាំកិច្ចប្រជុំចាត់វិធានការអនុវត្តនៅខេត្តព្រះសីហនុ  សម្រេចបានលទ្ធផល ដូចជា៖ គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស្វែងរកជនបរទេស ដែលបានប្តឹងចូលប្រព័ន្ធមជ្ឈមណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline១១៧), ផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន , Hotline របស់ស្នងការដ្ឋាននគរបាលខេត្ត, សំណើរបស់ស្ថានទូត ឬស្ថានកុងស៊ុល ស្នើសុំឱ្យជួយសង្គ្រោះបានសរុបចំនួន ១៣៥ករណី, ស្វែងរកឃើញតាមបណ្តឹងសរុបចំនួន ៦០៦នាក់ ស្រី ១០០នាក់ ស្មើ ១២សញ្ជាតិ។

ចំពោះបញ្ហាល្បែងស៊ីវិញ លោក អភិបាលខេត្ត បានលើកឡើងថា បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានចំនួន ២៩ករណី ឃាត់ខ្លួន ១៣៧នាក់ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១៥នាក់ ទៅសាលាដំបូងខេត្ត ធ្វើកិច្ចសន្យាអប់រំចំនួន ១២២នាក់។

លើសពីនេះ លោក អភិបាលខេត្ត បេ្តជ្ញារួមគ្នាបន្តថែរក្សា ការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ខិតខំរួមគ្នារៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខែ្មរ ឆ្នាំថោះ ឱ្យប្រព្រឹត្តិទៅដោយរលូន និងសប្បាយរីករាយ ចូលរួមរក្សាសុវត្ថិភាពឱ្យបានទាំងស្រុង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡា ៣ប្រភេទរួមមាន កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។ ជាពិសេសធានាឱ្យការបោះឆ្នោតជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ