ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចដល់ប្រជាពលរដ្ឋ ពេលបើកត្រូវមានការយោគយល់ និងអាធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ខណៈខែតុលា ឆ្នាំ២០២១ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ ចំនួន២៤៣លើក និងអ្នកស្លាប់ ចំនួន១៤០នាក់។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស ខេង បានសង្កេតឃើញថា ទាំងអត្រាអ្នករងគ្រោះបាត់បង់ជីវិត អត្រាអ្នករងរបួស និងចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងច្រើនជាងខែកញ្ញា ដែលបញ្ហានេះបានពិនិត្យឃើញថា ដោយសារមានកំណើនច្រើនការធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

សម្ដេច បានថ្លែងថា «ប្រការគួរឲ្យសោកស្ដាយបំផុតនោះគឺនៅក្នុងខែតុលា ឆ្នាំ២០២១ នេះ របាយការណ៍បានបង្ហាញគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើង ចំនួន២៤៣លើក គឺមានការកើនឡើងជាងខែកញ្ញា ចំនួន២៣លើក ស្មើនឹង១០ភាគរយ។ ចំនួនអ្នករងរបួសមាន ចំនួន៣៤០នាក់ កើន ឡើងជាងខែកញ្ញា ចំនួន៦៦នាក់ ស្មើនឹង២៤ភាគរយ និងចំនួនអ្នកស្លាប់ មានដល់ទៅ១៤០នាក់ គឺកើនឡើងជាងខែកញ្ញា ចំនួន២១ នាក់ស្មើនឹង១៨ភាគរយ»។

សម្ដេច បានបន្ដថា ទោះជាយ៉ាងណាក៏ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា ឆ្នាំ២០២១នេះ បើប្រៀបធៀប ទៅនឹងខែតុលា ឆ្នាំ២០២០ គឺមានការថយចុះតិចតួចប៉ុន្តែចំនួនអ្នកស្លាប់មានការកើនឡើងទៅវិញ។ សម្ដេចថា អត្រាគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ២លើកស្មើនឹង១ភាគរយ អត្រាអ្នករងរបួសថយចុះ៤ នាក់ស្មើនឹង១ភាគរយ ប៉ុន្តែអត្រាអ្នកស្លាប់បានកើន២៩នាក់ស្មើនឹង២៦ភាគរយ។

សម្ដេច បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ ជាថ្មីម្តងទៀត សូមរក្សាស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់»។

លើសនេះទៀត សម្ដេច ស ខេង ក៏បានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឲ្យបានសកម្ម គ្មានការលើកលែង ឬយោគ យល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ