ភ្នំពេញ៖ ឥណ្ឌា បានរៀបចំកម្មវិធីបង្ហាញផ្លូវទេសចរណ៍ ជាមួយក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នឹងគ្នាឡើងវិញ។

កម្មវិធីនេះ រៀបចំឡើង ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ទេវ្យានី ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Sushri Usha Thakur រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវប្បធម៌នៃរដ្ឋមធ្យ័តប្រទេស លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងតំណាងក្រុមហ៊ុនទេសចរណ៍នៅកម្ពុជាជាច្រើននាក់ទៀត។

លោក Sheo Shekhar Shokla រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងទេសចរណ៍ និងវប្បធម៌ នៃរដ្ឋមធ្យ័តប្រទេស ក៏មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា ក្រោយខកខានដោយសារវិបត្តិជំងឺកូវីដ១៩អស់រយៈពេល៣ឆ្នាំកន្លងមក ជាពិសេសជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

លោក បន្ដថា ប្រជាជនកម្ពុជា ដែលទៅដល់ប្រទេសឥណ្ឌា ក៏មានឱកាសក្នុងការបង្ហាញវប្បធម៌ខ្លួន ទៅកាន់ប្រទេសឥណ្ឌាផងដែរ។ នៅទីរដ្ឋមធ្យ័តប្រទេសនោះ គឺមានគោលដៅទេសចរណ៍ជាច្រើន ដែលភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តផង និងសិក្សាស្វែងយល់ផង។

លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា តាមរយៈកម្មវិធីនេះ សមាគមទេសចរណ៍កម្ពុជារំពឹងថានឹងជួយជំរុញការពន្លឿនការរៀបចំឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងឥណ្ឌា ដើម្បីឈានទៅជំរុញចលនាទេសចរពីគ្នាទៅវិញទៅមក ឱ្យបានច្រើន ខណៈបច្ចុប្បន្នភ្ញៀវទេសចរត្រូវឆ្លងកាត់ប្រទេសទី២សិន មកទៅដល់ប្រទេសឥណ្ឌា ឬមកដល់ប្រទេសកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ