ភ្នំពេញ ៖ ទោះបីបញ្ហាកង្វះទូកុងតឺន័រ និងការកើនឡើងតម្លៃដឹកជញ្ជូន បានប៉ះពាល់ទៅដល់កំណើននាំចេញអង្ករទៅទីផ្សារអឺរ៉ុប និងបស្ចិមប្រទេស ក៏កម្ពុជានៅតែអាចសម្រេចបានគោលដៅនាំចេញស្រូវ-អង្កររបស់ខ្លួនល្អប្រសើរ ដោយបាននាំចេញជាង ៣ លានតោនក្នុងតម្លៃជាង ៩៥៧ លានដុល្លារនារយៈពេល ១០ ខែកន្លងមក។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
សេចក្តីប្រកាសព័ត៌មានរបស់ CRF បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២១ កម្ពុជានាំចេញស្រូវ និងអង្ករក្នុងបរិមាណសរុប ៣ ១១៩ ៨២៩ តោន ដែលមានតម្លៃសរុប ៩៥៧,៣០ លានដុល្លារ។
នៅក្នុងនោះការនាំចេញអង្ករគ្រប់ប្រភេទមានចំនួន ៤៦០ ១៦៩ តោន គិតជាប្រាក់ចំនួន ៣២៣,៤៧ លានដុល្លារ ដោយបាននាំទៅគោលដៅទីផ្សារ ៥៥ ប្រទេស និងតំបន់ស្វយ័ត។
ដោយឡែកការនាំចេញស្រូវគឺមានចំនួន ២ ៦៥៩ ៦៦០ តោន គិតជាប្រាក់ប្រមាណ ៦៣៣,៨២ លានដុល្លារ៕