បាត់ដំបង ៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានរៀបរាប់ថា មានករណីក្តៅខ្លួន ៣៧,៥អង្សាសេ ដោយ ក្អក និងហៀរសំបោរ រយៈពេល៦ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃ ចំនួន៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ហើយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ មន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និការណែនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្រុមការងារ RRT មន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ លោកប្រធានស្រុកប្រតិបត្តិសង្កែ និងសហការី បានចុះពិនិត្យ និងយកសំណាកចំនួន ២១អង្គ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ ហើយ ក្រុមការងារនឹងបន្តចុះកសំណាកទៀត។

ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។ ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ