ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសឲ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ ។

ក្រសួងបញ្ជាក់ថា ការដាក់ឲ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ”  នៅកម្ពុជា បន្ទាប់ពីមានផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ។ ពាក់ព័ន្ធបញ្ហានេះ ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះ ជូនអ្នកផលិតមាតិកា YouTube របស់យើង ។ 

ក្រសួងប្រៃសណីយ៍ នឹងបន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូ នៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាល ដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ដ បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម ដែលទាំងនេះជាផ្នែកមួយជួយជំរុញ ដល់បរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

ទន្ទឹមនឹងនេះដើម្បីជំរុញ ការអប់រំឌីជីថលក្រសួង បានលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ ចូលរួមកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ដែលអាចស្វែងរកព័ត៌មាន លម្អិតតាមគេហទំព័រ www.godigital.gov.kh ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ